ភ្នំពេញៈ ករណីឃាតកម្ម ដោយការបាញ់សម្លាប់បុរសម្នាក់ ដែលជាគ្រូបង្រៀន កាលពីអាធ្រាត្រ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចបើកការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យបានម្នាក់ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ គឺជាប្រពន្ធរបស់សាកសពដែលបានរៀបចំឲ្យប្រុសសាហាយបាញ់សម្លាប់ ។
ជនរងគ្រោះមានឈ្មោះ រឿន រតនា អាយុ ៣៤ឆ្នាំ ជាគ្រូបង្រៀនអនុវិទ្យាល័យទួលប្រាសាទសែនសុខ ត្រូវបានជនដៃដល់បាញ់ចំនួនបីគ្រាប់ស្លាប់ចោលកូនតូចៗ ២នាក់។
ជនសង្ស័យមានឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ីហ៊ន ភេទស្រី អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រីឯសាហាយដែលជាជនដៃដល់ឈ្មោះ មករា (ជាអតីតមិត្តប្រុសមុនការជាមួយប្ដី)មិនទាន់ចាប់ខ្លួនបាន។
ដំណើររឿង៖ ឆ្លងតាមការស៊ើបអង្កេត និងសាកសួរស្រ្តីជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា នាងមិនពេញចិត្តប្ដីរបស់នាង ហើយកន្លងមកប្តី«សព»របស់នាង ក៏ធ្លាប់មានទំនាស់ពាក្យសំដីគ្នាជាមួយឈ្មោះ មករា អតីតមិត្តប្រុស ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាងបានទូរស័ព្ទណាត់ជួបគ្នា ជាមួយសាហាយ រៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនតែម្តង។ លុះមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈដែលជនរងគ្រោះជាប្តី បានទៅបុណ្យនៅឯស្រុកកំណើតខាងលើ នាងក៏បានទូរស័ព្ទឲ្យសាហាយត្រៀមធ្វើសកម្មភាព ព្រោះនាងបានទូរស័ព្ទបង្ខំឲ្យប្តីប្រញាប់មកផ្ទះភរមានការសំខាន់ ហើយប្តីប្រាប់ថាម៉ោង១១យប់ទៅដល់ហើយ។
ពេលនោះនាងបានទូរស័ព្ទទៅប្រាប់ឲ្យជនដៃដល់ជាសាហាយចាំផ្លូវជាមុន លុះពេលជនរងគ្រោះមកដល់ ក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្តង។ ភ្លាមៗនោះជនដៃដល់ បានជិះម៉ូតូគេចខ្លួន ដោយបានទូរស័ព្ទប្រាប់នាងថា បាញ់សម្លាប់បានសម្រេចហើយ ។ រួចនាងបានសម្ដៅមកកន្លែងកើតហេតុ ធ្វើស្រែកទ្រហោយំ ស្ដាយស្រណោះ ដើម្បីបំភ័ន្តដាន៕
មតិយោបល់