ព័ត៌មានជាតិ

យុវជនពីរក្រុមដេញកាប់ចាក់គ្នាចុងក្រោយស្លាប់យុវជនម្នាក់

ភ្នំពេញៈ យុវជនពីរក្រុមបានដេញកាប់ចាក់គ្នាបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨យប់ថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវបេតុងចំណុចខាងក្រោយផ្សារ កាណាស៊ីធី ក្នុងភូមិចោមចៅ ២ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ យឿន ដឿន ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅជិតព្រៃស ដែលមានស្រុកកំណើតនៅភូមិក្រាំងព្រៃផ្ដៅ ឃុំក្រាំងត្រយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។
អាស័យដ្ឋានបច្ចុប្បន្នរស់នៅផ្ទះលេខ ១១៩ ផ្លូវលំ ភូមិក្រាំងព្រៃផ្ដៅ ឃុំក្រាំងត្រយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញយុវជនពីរក្រុមបានដេញគ្នាប្រសេចប្រសាចពេញផ្លូវមានអ្នកខ្លះកាន់កាំបិត មានអ្នកខ្លះកាន់ដំបង ខណៈពេលនោះគេឃើញមានយុវជនម្នាក់រត់ចោលម៉ូតូឈាមស្រោចពេញខ្លួន លុះមកដល់ចំណុចកើតហេតុគាត់ ក៏ដួលហើយក៏បានស្លាប់បាត់បង់ជីវិតភ្លាមៗ ឃើញមាន យុវជនជាច្រើននាក់បានរត់ចេញពីកន្លែងកើតហេតុ បន្សល់ទុកតែម៉ូតូ ២ គ្រឿងនៅកន្លែងកើតហេតុម៉ូតូមួយម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1E.0986 និងម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីម ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1N.1705 ដែលដួលនៅកន្លែងកើតហេតុ ទាំងពីរគ្រឿងមិនដឹងថាម៉ូតូទាំងពីរនេះជារបស់ជនរងគ្រោះមួយណានោះទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានយកខ្សែរហុំព័ទ្ធនៅកន្លែងកើតហេតុនិងទំនាក់ទំនងទៅខាងសមត្ថកិច្ចកោសល្យវិច្ច័យមកពិនិត្យលើសាកសព ឃើញថាជនរងគ្រោះត្រូវមួយកំបិតចំដើមទ្រូងបណ្តាលឲ្យស្លាប់ ។ ហើយបានយកសពទៅតម្កល់ទុកនៅវត្តអង្គតាម៉ិញរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីឃាតកម្មខាងលើនេះមិនដឹងថាជារឿងផ្ដើមចេញពីករណីអ្វីឲ្យបានពិតប្រាកដនោះទេគ្រាន់តែដឹងថាមានក្មេងស្ទាវមួយក្រុមដេញកាប់ចាក់គ្នាតែប៉ុណ្ណោះ។ ជាក់ស្តែងសមត្ថកិច្ចបានឃាត់ខ្លួន មនុស្សប្រុសចំនួន២នាក់ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីសួរនាំ រកមូលហេតុនិងរកដំរ៉ុយ ដើម្បីឈានទៅដល់ការជ្រាវរកឃាតករពិតប្រាកដ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់