ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រឈប់នៅលើចញ្ចើម បណ្តាលឱ្យស្លាប់ នៅស្រុកកៀនស្វាយ

កណ្តាល: នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២១និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចណ៍ កើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ៣៣-៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ដំណើររឿង៖ នៅមុនពេលកើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល 1U-8743 បើកបរដោយឈ្មោះ កូវ បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ដកុងតឺន័រ ម៉ាក FREIGHTLINER ព៌ណខ្មៅ ប្រភេទសណ្តោង ពាកស្លាកលេខភ្នំពេញ 3D-3049 សណ្តោងសឺមីរ៉ីម៉កពាក់ស្លាកលេខព្រះសីហនុ 4A-1823 បើកបរដោយជនមិនស្គាល់អត្តសញ្ញ្ញាណដែលឈប់ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យអ្នកបើកបរម៉តូឈ្មោះ កូវ បញ្ញា ស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្ដរត់គេចខ្លួនបាត់ ចំពោះវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

ការសន្និដ្ឋាន៖ ករណីនេះគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកម៉ូតូធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។ អ្នកបើកបររថយន្តធ្វេសប្រហែសឈប់ដាក់សញ្ញាបង្ហាញដល់អ្នកប្រើប្រាស់ផ្លូវមិនច្បាស់តែរថយន្តមានភ្លើងស្តុបនិងស៊ីញ៉ូ។

សូមបញ្ចាក់៖ បងប្អូនដែលបានធ្វើដំណើរតាមដងផ្លូវជាតិលេខ១លុះមកដល់ត្រង់ចំណុចឃុំបន្ទាយដែក ស្រុកកៀនស្វាយ ត្រូវមានការប្រុងប្រយ័ត្ន ព្រោះមានរថយន្តកុងតឺន័រឈប់គ្មានរបៀបរាបរយទេ ហើយក៍ឆក់យកជីវិតមនុស្សច្រើនផងដែរកន្លងមក៕

មតិយោបល់