ព័ត៌មានជាតិ

ចោរឆ្លៀតឱកាស! ឃើញប៉ូលិសរវល់តែផ្លុំកញ្ចែលើផ្លូវ ប៉ុនប៉ងលួចអូសម៉ូតូ ចុងក្រោយត្រូវក្របួចកជាប់

ភ្នំពេញ: ចោរថ្លើមធំហ៊ានលួចម៉ូតូប៉ូលិសពីក្រោយខ្នង ខណ:ដែលប៉ូលិសកំពុងឈរការពារក្បួនកាលពីវេលាម៉ោង ១០និង២៥នាទីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវសហព័ន្ធរុស្សី មុខច្រកចូលមន្ទីរពេទ្យបង្អែកពោធិចិនតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ម៉ាត់ ភារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ស្នាក់នៅមិនពិតប្រាកដ ចំណែកម៉ូតូដែលជនសង្ស័យលួចអូសរត់គេច ប៉ុនប៉ងលួច ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ នគរបាល 1-9889 ជាម៉ូតូរបស់មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ ដាក់ពង្រាយកម្លាំង តាមបណ្តាគោលដៅ បានកំណត់ការពារក្បួន ហើយមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ២ ឈរប្រចាំនៅគោលដៅខាងលើ ដោយចតទុកម៉ូតូនៅចិញ្ចើមផ្លូវ រវល់តែឈរសម្រួលចរាចរណ៍ការពារក្បួនប្រតិភូ ស្រាប់តែជនសង្ស័យ ឃើញប៉ូលិសរវល់តែផ្លុំកញ្ចែលើផ្លូវ ក៏ទៅលួចអូសម៉ូតូ PCX ខាងលើអូសរត់ ពលរដ្ឋឃើញស្រែកប្រាប់ប៉ូលិសផ្អើល រត់ដេញចាប់ខ្លួនបានភ្លាមៗ នាំទៅសាកសួរនៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់