ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនស្ត្រីជាប្រពន្ធ ដែលរៀបចំគម្រោងសម្លាប់ប្តី ទៅឱ្យតុលាការ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ចូនខ្លួនស្ត្រី ជាប្រពន្ធជនរងគ្រោះ ទៅឲ្យតុលាការ ចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធសំណុំរឿង រៀបចំគម្រោងសម្លាប់ប្តី ។

ស្ត្រីជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅ ជាមួយប្តីសពឈ្មោះ រឿន រតនា នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ហេតុការខាងលើ កើតហេតុទ្បើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បុរសម្នាក់ដែលគេស្គាល់ថា ជាគ្រូបង្រៀនថ្នាក់ទី៩ នៅវិទ្យាល័យទួលប្រសាទ ខណ្ឌសែនសុខ ត្រូវបានខ្មាន់កាំភ្លើង បាញ់ចំនួនបីគ្រាប់ បណ្តាលឲ្យស្លាប់ នៅចំណុចផ្លូវបេតុងច្រកចូលមណ្ឌលកែប្រែឱកាសខ្ញុំ ភូមិសំរោង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនឈានដល់ការឃាត់ខ្លួន ជនសង្ស័យជាប្រពន្ធ មុនដំបូងតាមការសាកសួរសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា កន្លងមកជនសង្ស័យជាប្រពន្ធ រស់នៅមិនសូវចុះសម្រុងជាមួយប្តី (សព) នោះទេ ។

បន្ទាប់ពីសាច់ញាតិជនរងគ្រោះ បានប្រាប់បែបនេះ សមត្ថកិច្ចជំនាញ បានហៅជនសង្ស័យជាប្រពន្ធមកធ្វើការសាកសួរជាច្រើនចំណុច ដោយមានការសង្ស័យ ដំបូងជនសង្ស័យ បានកុហកថា ជនរងគ្រោះមកពីផ្ទះមិត្តភក្តិស្រី នៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះ (ប្តី) ថាជនរងគ្រោះ បានទៅធ្វើបុណ្យនៅឯស្រុកកំណើតភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយកម្លាំងជំនាញ បានសាកសួរច្រើន ចំណុចជាន់កែង ជនសង្ស័យជាប្រពន្ធ បានសារភាពប្រាប់សមត្ថកិច្ចថា នាងជាអ្នករៀបចំ ផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនឯង ដោយសារជនរងគ្រោះជាប្តី រស់នៅមិនចុះសម្រុងនឹងគ្នា ទើបនាងសម្រេចចិត្តធ្វើបែបនេះ ។

ជនសង្ស័យជាប្រពន្ធ សារភាពប្រាប់សមត្ថកិច្ចថា កន្លងមកប្តី «សព» របស់នាងក៏ធ្លាប់មានទំនាស់ ពាក្យសម្ដីគ្នា ជាមួយអតីតមិត្តប្រុស (ខ្មាន់កាំភ្លើង) ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាងបានទូរស័ព្ទណាត់ជួបគ្នា (ខ្មាន់កាំភ្លើង) ដើម្បីរៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនតែម្តង។

លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈជនរងគ្រោះជាប្តីនាងបាន ទៅបុណ្យនៅឯស្រុកកំណើត នាងក៏បានទូរស័ព្ទឲ្យខ្មាន់កាំភ្លើងត្រៀមធ្វើសកម្មភាព ព្រោះនាងបានទូរស័ព្ទបង្ខំឲ្យប្តីប្រញាប់មកផ្ទះ ដោយមានការសំខាន់ ហើយប្តី «សព» របស់នាងបានប្រាប់ថា ម៉ោង១១យប់ទៅដល់ហើយ ពេលនោះនាង បានទូរស័ព្ទទៅប្រាប់ឲ្យខ្មាន់កាំភ្លើងចាំផ្លូវមុន លុះពេលជនរងគ្រោះមកដល់ កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ញុំ ក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្តង ហើយភ្លាមៗនោះ ខ្មាន់កាំភ្លើងបានជិះម៉ូតូគេចខ្លួន ដោយបានទូរស័ព្ទប្រាប់នាងថា បាញ់សម្លាប់បានសម្រេចហើយ។

សូមបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍បាញ់ជនរងគ្រោះ ស្ត្រីដែលជាជនសង្ស័យ (ប្រពន្ធ) បានទៅកន្លែងកើតហេតុ ហើយបានធ្វើជាយំសោកបោកខ្លួន ហាក់បីដូចជាមិនដឹងរឿងអ្វីទាំងអស់ តែចុងក្រោយនៅតែគេច មិនរួចពីសំណាញ់ដដែល៕

មតិយោបល់