ព័ត៌មានជាតិ

លោក ស ថេត៖ គ្មានការយោគយល់ឡើយ ទោះជាឡានទំនើប ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋ ឲ្យតែខុស គឺស្ទូចតែម្តង ហើយមន្រ្តី ត្រូវធ្វើជាគំរូដ៏ល្អ សម្រាប់ប្រជាពលរដ្ឋទូទៅ…

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយប្រទេសជាតិទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើនកាន់តែខ្លាំង ទទួលបានការជឿទុកចិត្តជាច្រើន ពីសំណាក់អ្នកវិយោគ ទុនបរទេស ជាពិសេសកំណើនប្រជាពលរដ្ឋ ចូលមករស់នៅក្នុងរាជធានីភ្នំពេញ កាន់តែច្រើនឡើង ក៏ដូចជាកំណើននៃការប្រើប្រាស់ ម៉ូតូ និងរថយន្ត នៅក្នុងរាជធានីភ្នំពេញ ដែលជាកត្តាចម្បងបណ្តាលឲ្យ មានការកកស្ទះតាម បណ្តោយផ្លូវមួយចំនួន ហើយម្យ៉ាងវិញទៀតការកកស្ទះ ក៏បណ្តាលមកពីការឈប់ ឬក៏ចតរថយន្តដោយគ្មានសណ្តាប់ធ្នាប់ ជាពិសេសគឺឈប់ ឬចតនៅកន្លែងទីតាំង ដែលមានស្លាកសញ្ញាហាម។

ដូច្នេះដើម្បីជួយសហការណ៍ក្នុងការកាត់បន្ថយការកកស្ទះ ក៏ដូចជាធ្វើឲ្យទីក្រុង មានសោភ័ណ្ឌភាពល្អ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ យានយន្តគ្រប់ប្រភេទ មេត្តាជួយចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសឡាន របស់អង្គភាពមួយចំនួនដូចជា ឡានដែលពាក់ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋជាដើម ត្រូវធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយមិនឈប់ ឬចតនៅទីកន្លែងដែលមានស្លាកសញ្ញាហាមឡើយ។

ដើម្បីអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនៃការិយាល័យ សណ្តាប់ធ្នាប់ នឹងធ្វើការស្ទូចរថយន្តដែលឈប់ ឬ ចត ល្មើសនឹងស្លាកសញ្ញា យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយគ្មានការយោគយល់ ឡើយទោះជាឡានទំនើប ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋ ឲ្យតែខុសគឺស្ទូចតែម្តង។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់នឹងចូលរួមសហការណ៍ ដើម្បីជួយកាត់បន្ថយការកកស្ទះ ជាពិសេសធ្វើឲ្យទីក្រុងមានសណ្តាប់ធ្នាប់ល្អ៕

មតិយោបល់