ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ ត្រូវរថយន្តកិនបែកខួរស្លាប់ ខណៈពីរនាក់ទៀត រងរបួស នៅស្រុកកោះធំ

កណ្តាល: កាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចខាងជើងស្ពានព្រែករស់ (ទី៧០) ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូ និងរថយន្តសណ្តោងរ៉ឺម៉ក ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសស្រាល២នាក់។

ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AF7227 មានកញ្ចក់ អត់មួក បើកបរដោយឈ្មោះ សាន ប៊ុន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រឡោកបែក ឃុំលើកដែក ស្រុកកោះធំ ធ្វើដំណើរពីត្បូងទៅជើង ជ្រៃធំតាខ្មៅ (ស្លាប់) និងអ្នករួមដំណើរចំនួន២នាក់៖

១.ឈ្មោះ មាន ម៉ុន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកម្មករសំណង់អត់ ពាក់មួករងរបួសស្រាល មានទីលំនៅភូមិ.ឃុំជាមួយគ្នា
២.ឈ្មោះ បាន គី ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកម្មករសំណង់ អត់ពាក់មួក រងរបួសស្រាល មានទីលំនៅភូមិ.ឃុំជាមួយគ្នា បានបុកប៉ះជាមួយរថយន្តម៉ាក HiNO ពណ៌ស+ប្រផេះ មានសណ្ដោងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ3B2643 ធ្វើដំណើរពីជើងទៅត្បូង (តាខ្មៅជ្រៃធំ) ក្នុងទិសដៅបញ្ច្រាសគ្នា (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់)។

មូលហេតុ៖ អ្នកបើកបរម៉ូតូ បើកបរវ៉ារថយន្ត ដែលមានទិសដៅស្របគ្នា គាប់ជួនពេលនោះ ក៏មានរថយន្តមួយទៀត បើកបញ្ច្រាសទិស អ្នកបើកម៉ូតូបានជាន់ហ្វ្រាំងដួលរអិលទាំងមនុស្សទាំងម៉ូតូ ទៅចូលចំណែកផ្លូវរបស់រថយន្ត ដែលមានទិសដៅបញ្ច្រាស បណ្ដាលឲ្យរថយន្តកិនចំក្បាលស្លាប់តែម្ដង ចំណែកអ្នករួមដំណើរម៉ូតូ២នាក់ បានខ្ទាតចេញពីម៉ូតូទៅខាងស្ដាំដៃរបស់ខ្លួនរងរបួសស្រាល។

ករណីនេះ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ បានចុះទៅដល់ ធ្វើការវាស់វែង ហើយបានយកមធ្យោបាយ ពាក់ព័ន្ធមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី។

ចំណែកសព ក្រោយធ្វើកំណត់ហេតុរួច បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់