ភ្នំពេញៈ ក្នុងពិធីបើកកិច្ចប្រជុំការងារ អនាម័យសំរាម ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយមានការចូលរួមពីចៅសង្កាត់ មន្ត្រីការិយាល័យពាក់ព័ន្ធ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ផងដែរកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា “សំរាមជាសត្រូវនៃសុខភាព”។
ជាមួយគ្នានោះដែរលោកអភិបាលខណ្ឌដូនពេញបានដាក់ផែនការពង្រឹងពីការប្រមូលសំរាម និងបន្តអនុវត្តផែនការមួយចំនួនដូចជា៖
១-ភ្នាក់ងារអនាម័យ ត្រូវខិតខំទទួលខុសត្រូវភារកិច្ចរៀងខ្លួនដូចជាចុះអប់រំប្រជាពលរដ្ឋ អាជីវករ ឲ្យក្លាយជាចលនាអប់រំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដោយត្រូវចាត់ទុកថា “សំរាមជាសត្រូវនៃសុខភាព”។
ទី២-លុបបំបាត់ដេប៉ូសំរាម៖ សង្កាត់ ភ្នាក់ងារអនាម័យ និងក្រុមហ៊ុនប្រមូលសំរាម ត្រូវសហការស្រាវជ្រាវ និងដោះស្រាយ ឈានដល់ការលុបបំបាត់ដេប៉ូសំរាមនេះឲ្យបាន។
ទី៣-បំណុលសំរាម៖ សង្កាត់នីមួយៗត្រូវលើកយក ករណីទីតាំងអាជីវកម្មដ្ឋាន ដែលមិនព្រមបង់ថ្លៃអនាម័យហើយបញ្ចេញសំរាមមកក្រៅ ក្នុង១សង្កាត់ ១ទីតាំង ដើម្បីឈានដល់ការទប់ស្កាត់ការចេញសំរាមខុសម៉ោងពេល និងសំរាមចល័ត។
និងទី៤-ឯកសណ្ឋានភ្នាក់ងារអនាម័យ ៖ ក្រុមការងារ ព្រាងគំរូឯកសណ្ឋានសម្រាប់ភ្នាក់ងារអនាម័យ សម្រាប់ឆ្លងសាលារាជធានីមុនដាក់ឲ្យប្រើប្រាស់៕
មតិយោបល់