ព័ត៌មានជាតិ

(មានវីដេអូ) ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់មិនបានសម្រេច

ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ក្នុងចំណោមបក្ស​ពួក​២នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ​ បានធ្វើការឃាត់ខ្លួន​ ក្រោយពីជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់មិនបានសម្រេច​ កាលពីវេលាម៉ោង​៩និង២០នាទីព្រឹក​ ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ​២០១៦​ ដែលស្ថិតនៅចំណុចមុខផ្ទះលក់ចាប់ហួយ​ ផ្ទះលេខ៣៥​ ក្រុម១៦​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

ជនសង្ស័យមានឈ្មោះ​ សាំង​ ស៊ុនហាក់​ ហៅ​ ហាក់​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះលេខ២៣​ ភូមិពណ៌​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ និងមានស្រុកកំណើតសង្កាត់ផ្សារចាស់​ ខណ្ឌដូនពេញ​ ។

​ប្រភពព័ត៌មាន​ពីសាក្សីនៅកន្លែងកើតហេតុ​បានឲ្យដឹងថា​ នៅមុនពេលកើត​ គេបានឃើញស្ត្រីរងគ្រោះជិះម៉ូតូឌុប​ ក្នុងទិសដៅពីត្បូងទៅជើង​ ខណៈ​ដែលកំពុងធ្វើដំណើរតាមផ្លូវ​ ស្រាប់តែមានជនសង្ស័យ​២នាក់​ បានជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ ហុងដាឌ្រីម​ សេ១២៥​ ពណ៌ខ្មៅ​ សេរី​២០១៥​ មិនចាំស្លាកលេខ​ បាន​ធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីរងគ្រោះ​ តែសំណាងល្អស្ត្រីរងគ្រោះបានឆក់យកមកវិញ​ ដោយពេលនោះ​ មានជនសង្ស័យម្នាក់បានចុះពីលើម៉ូតូមកវាយស្ត្រីរងគ្រោះបែបមាត់​ បណ្តាលឲ្យរងរបួសស្រាល​។

ចំណែកឯជនសង្ស័យដែលជាអ្នកបើកម៉ូតូបានជិះគេចខ្លួនបាត់​ ដោយទុកជនសង្ស័យម្នាក់ទៀតនៅទីនោះ​ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង​។

ក្រោយពីកើតហេតុ​ ជនសង្ស័យខាងលើ​ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ​ ឃាត់ខ្លួនយកទៅសាកសួរ​ ។ ចំណែកឯស្ត្រីរងគ្រោះក៏មិនបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល​ទេ​ ដោយទុកឲ្យកម្លាំងសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់​។

បច្ចុប្បន្ន ជនសង្ស័យខាងលើ​ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ​ បញ្ជូនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​ ដើម្បីកសាងសំណុំរឿង​ បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតីវិធីច្បាប់​៕

មតិយោបល់