ភ្នំពេញៈ លោក ជួន សុជា កវីនិពន្ធដែលធ្វើឲ្យទស្សនិកជនតែងតែស្រក់ទឹកភ្នែក តាមទំនុកច្រៀងរបស់ខ្លួន បាននឹងកំពុងផ្តោតបន្ថែមអាជីពថ្មី នោះ គឺការផលិតភាពយន្ត ដើម្បីបម្រើដល់ទស្សនិកជន ខណៈដែលទីផ្សារភាពយន្តនៅកម្ពុជាវិវឌ្ឍន៍ទៅមុខគួរឲ្យកត់សម្គាល់។
លោក ជួន សុជា បានប្រាប់ Post News នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា ដោយឃើញពីទីផ្សារផលិតខ្សែភាពយន្ត រីកដូចផ្សិត ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជននោះ ខ្លួនបាននឹងកំពុងសិក្សារៀនសូត្របន្ថែម ពីអាជីពផលិតកុន លើអាជីពចាស់និពន្ធទំនុកច្រៀង នៅផលិតកម្មសាន់ដេ ។
លោក ជួន សុជា ថា «បច្ចុប្បន្ននេះ ខ្ញុំបានសរសេរ សេណារីយ៉ូភាពយន្តបាន១ ដែរ ក្រោមចំណងជើងថា (វិញ្ញាណបិសាច អំណាចស្នេហា) ដោយមានផលិតកម្មធំៗមួយចំនួនទាក់ទងដែរ ប៉ុន្តែគ្រាន់តែនិយាយថ្លៃគ្នា មិនត្រូវដោយគេឲ្យតម្លៃថោកពេក»។
កវីនិពន្ធខាងលើបានទទួលស្គាល់ថា ផលិតកម្មធំៗទាំងនោះ ឲ្យតម្លៃសេណារីយ៉ូរឿងខ្លួនមិនថ្លៃ ដោយសារតែជំនាញការផលិតភាពយន្ត របស់លោកនៅខ្វះខាតមួយចំនួន ចឹងហើយលោកត្រូវសម្ងំរៀនបន្ថែមទៀត សម្រាប់អាជីពថ្មី ជាអ្នកផលិតភាពយន្តនេះ ។
ទាក់ទងរឿងស្នេហាវិញ កវីនិពន្ធ ជួន សុជា បច្ចុប្បន្នមិនទាន់មានស្ត្រីណា អាចយកបេះដូងខ្លួនបានឡើយ ក្រោយខកស្នេហា ជាមួយនឹងនារីម្នាក់ កាលពី ពីរឆ្នាំមុនម្លេះ ។ ជួន សុជា បានអះអាងថា «ពេលនេះខ្ញុំកំពុងបើកបេះដូង ដើម្បីទទួលនារីថ្មី ទោះមានឬក្រមិនសំខាន់នោះទេ តែសំខាន់ឲ្យតែគេយល់ពីអារម្មណ៍ខ្ញុំ ហើយខ្ញុំយល់ពីគេទៅបានហើយ» ៕
មតិយោបល់