ព័ត៌មានជាតិ

ស្រវឹងស្រា បើកលុចស៊ីស LX470 បុករះបង្គោលភ្លើង និងរថយន្តសារ៉ែនរបស់សមត្ថកិច្ច នៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ

ភ្នំពេញៈ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តលុចស៊ីស LX470មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុករះបង្គោលភ្លើង រួមទាំងរថយន្តសារ៉ែនរបស់សមត្ថកិច្ចមួយគ្រឿងទៀត កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក ម៉ាកលុចស៊ីស LX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BA-6082 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងល្បឿយ៉ាងលឿន។

មកដល់ចំណុចកើតហេតុរថយន្ត បានរេចង្កូតទៅខាងស្តាំជ្រុល ទៅបុករានទេវតាដែលនៅខាងមុខផ្ទះប្រជាពលរដ្ឋ រងការខូចខាត និងបុកបង្គោលភ្លើង ដែលនៅក្បែរនោះ បណ្តាលឲ្យដាច់ធ្លាក់ប្រអប់កុងទ័រភ្លើងមួយប្រអប់ចេញបង្គោល ដោយមិនទាន់អស់ល្បឿន រថយន្តបន្តបុកពីក្រោយរថយន្តសារ៉ែនមួយគ្រឿងទៀត ម៉ាកស្តារិច ពណ៌សំបកឪឡឹក ពាក់ស្លាកលេខនគរបាល2-3135 ដែលជារថយន្តសម្រាប់ដឹកអ្នកទោសរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដែលឈប់ចតចោលនៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បណ្តោយឲ្យខ្ទាតទៅមុខចេញពីកន្លែងកើតហេតុប្រមាណ២០០ម៉ែត្រ រួចក៏ទៅបុកផ្ទុបនិងបង្គោលភ្លើងមួយដើម នៅលើចិញ្ចើមផ្លូវម្ខាងទៀត រងការខូចខាតក្រពឹតផ្នែកខាងមុខ និងខាងក្រោយយ៉ាងដំណំ។

ដោយឡែករថយន្តបង្ក បានរងការខូចខាតក្រពឹតផ្នែកខាងមុខ និងចំហៀងផ្នែកខាងស្ដាំ កៀបជាប់និងរបងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវទៅមុខលែងរួច។ ចំណែកឯអ្នកបើកបររថយន្តបង្ក ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកទៅសាកសួរនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវភ្លាមៗតែម្តង។

ក្រោយពេញកើតហេតុសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង ស្ទូចយករថយន្តបង្ក និងនាំអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់