ព័ត៌មានជាតិ

សាហាវណាស់! ករណីឃាតកម្ម ស្ត្រីមេម៉ាយម្នាក់ ត្រូវជនមិនស្គាល់មុខ កាប់ឲ្យស្លាប់ក្នុងថ្លុកឈាម

កំពង់ធំ: នៅវេលាម៉ោង ៦ និង០០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ មានករណីប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារយណ៍។

ជនរងគ្រោះឈ្មោះ ឌួល ឃៀង ភេទស្រី អាយុ ៥១ឆ្នាំ មុខរបរលក់មំបញ្ចុក នៅតូបមុខផ្ទះ មានទីលំនៅភូមិ-ឃុំកើតហេតុ។

តាមការរៀបរាប់របស់កូនស្រីច្បងជនរងគ្រោះ ឈ្មោះ គុយ ឃិត បានឲ្យដឹងថា ម្ដាយខ្លួនមានកូនចំនួន ៤នាក់ ស្រីទាំងអស់ ដោយ ៣នាក់ ទៅធ្វើការនៅប្រទេសថៃ ខណ:បច្ចុប្បន្ន ជនរងគ្រោះជាម្ដាយ រស់នៅជាមួយខ្លួន និងចៅតូចៗពីរនាក់។

ប្រភពពីអ្នកជិតខាង បានបន្ថែមថា កន្លងមកជនរងគ្រោះ តែងតែលក់នំបញ្ចុក នៅតូបមុខផ្ទះជារៀងរាល់ព្រឹក តែនៅវេលាកើតហេតុ ពុំឃើញជនរងគ្រោះ មកលក់ដូចរាល់ដង ឃើញតែចៅស្រីអាយុ ៦ ឆ្នាំម្នាក់ អង្គុយយំនៅមាត់ទ្វារ ក៏នាំគ្នាមកមើល ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់ក្នុងថ្លុកឈាម ទើបរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះត្រួតពិនិត្យទីតាំងខាងលើ និងធ្វើកោសល្យវិច័យ សន្និដ្ឋានថា ករណីនេះ ជាអំពើឃាតកម្ម ជនរងគ្រោះ ត្រូវជនមិនស្គាល់មុខ កាប់ប្រហារឲ្យស្លាប់ក្នុងថ្លុកឈាម រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់