ព័ត៌មានជាតិ

លើកពេលប្រកាសសាលក្រមលោក ស៊ាង​ ចែត​ ទៅដើមខែធ្នូ

ភ្នំពេញ: ក្រោយពីបរាជ័យក្នុងការកាត់ទោស លោក ស៊ាង ចែត ព្រោះអវត្តមានសាក្សីកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦កន្លងទៅនោះ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការបន្តជម្រះទោសលោក ស៊ាង ចែត ចប់សព្វគ្រប់ នឹងបានលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ។

លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណ:បក្សសមរង្ស៊ី ត្រូវបានលោក សៀង សុខ តំណាងអយ្យការចោទប្រកាន់ពីបទ សូកប៉ាន់សាក្សី គឺម្តាយរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាលុយ ចំនួន៥០០ដុល្លារ ដើម្បីឱ្យម្តាយនាងជួយលួងលោមឱ្យស្រីមុំ និយាពាក្យមិនពិតក្នុងដំណើររឿងទំនាក់ទំនងស្នេហារវាង នាង និងលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ យោងតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការនាព្រឹកនេះលោក ស៊ាង ចែត បានអះអាងថា លុយចំនួន ៥០០ដុល្លារនោះ គឺលោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សង្គ្រោះជាតិជាអ្នកឱ្យលោក យកទៅឱ្យលោកស្រី ស៊ាង លន ជាម្តាយស្រីមុំ ទុកចាយ ដោយប្រាប់ថា អ្នកក្រៅប្រទេសផ្ញើមកឱ្យ។ នៅពេលយកលុយទៅលោកស្រី ស៊ាង លន មិនព្រមទទួល ទើបខ្លួនបានយកលុយនោះទៅឱ្យប្រពន្ធចាយអស់មួយចំនួន។ លោក ស៊ាង ចែត បន្តថា ក្រោយមកលោក ម៉ៅ មុនីវណ្ណ បានហៅទូរសព្ទទៅលោក ឱ្យប្រាប់ទៅ ស្រីមុំ ចំនួន ៥ចំណុច ៖ ១-ឱ្យស្រីមុំទៅជួបអង្គការ អាដហុក។ ២-ឱ្យអង្គការអាដហុកជួយធ្វើឯកសារបញ្ជូននាងចេញទៅក្រៅប្រទេស។ ៣-ឱ្យស្រីមុំទៅក្រសួងមហាផ្ទៃជាមួយអង្គការអាដហុក។ ៤ -ហាមកុំឱ្យស្រីមុំនិយាយជាមួយអ្នកកាសែតច្រើនពេក។ ៥-ឱ្យស្រីមុំនិយាយអ្វីតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី។

យោងតាមអំណានចម្លើយរបស់សាក្សី (អវត្តមាន) លោកស្រី ស៊ាង លន ម្តាយបង្កើតកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ បានឱ្យដឹងថា លោក ស៊ាង ចែត ពិតជាបានយកលុយ ៥០០ដុល្លារឱ្យគាត់មែន តែគាត់មិនព្រមទទួល។

ដោយឡែកសាក្សី (អវត្តមាន) លោក ហូ សុធារ៉ា បងថ្លៃ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ នោះ តុលាការមិនបានចម្លើយនោះទេ។

គួររំលឹកថា លោក ស៊ាង ចែត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ និងត្រូវបានលោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីតំណាងអយ្យការពីបទ សូកប៉ាន់សាក្សី តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌហើយបើយោងតាមបទចោទខាងលើនេះ លោក ស៊ាង ចែត អាចប្រឈមនឹងការជាប់ពន្ធនាគារកំណត់រយ:ពេលពី ៥ឆ្នាំទៅ១០ឆ្នាំ៕

//youtu.be/mtDymQ4Ww3U

photo_2016-11-11_11-03-57

photo_2016-11-11_11-03-54

មតិយោបល់