ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ!! ហាយឡែនឌ័រ បោះពួយលឿនបុកបង្គោលភ្លើងមួយដើម បណ្តាលឲ្យបាក់ដាច់ចេញពីគល់

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា បើករថយន្តហាយឡែនឌ័រ ១គ្រឿងបោះពួយយ៉ាងលឿន ក៏រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងមួយដើម នៅតាមចិញ្ចើមផ្លូវ កាលពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចសាលាមធ្យមវិចិត្រសិល្បៈ ស្ថិតតាមបណ្ដោយផ្លូវ១៩៣៨ ក្នុងភូមិឧកញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-8933 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីកើតទៅលិចតាមបណ្ដោយផ្លូវ១៩៣៨ ក្នុងល្បឿនយ៉ាងលឿន។

មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បានរេចង្កូតទៅខាងឆ្វេងដៃ ធ្លាក់ចេញពីផ្លូវរួចក៏ជ្រុលទៅបុកបង្គោលភ្លើងមួយដើម ដែលនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបាក់ដាច់ចេញពីគល់។ ចំណែកឯរថយន្តបង្ក បានកៀបជាប់និងបង្គោលភ្លើង ទៅមុខលែងរួច ដោយរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ។

ភ្លាមៗនោះអ្នកបើកបររថយន្តបង្ក ព្យាយាមបើករថយន្តថយក្រោយ បម្រុងចេញពីកន្លែងកើតហេតុ ប៉ុន្តែដោយបើកថយក្រោយមិនរួច អ្នកបើកក៏បានចុះពីរថយន្ដ រួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយទុករថយន្តដែលរងការខូចខាតនៅទីនោះ។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់ ហើយបានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តបង្ក ចូលខ្លួនមកធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕

មតិយោបល់