ភ្នំពេញៈ នៅវេលាម៉ោង១ និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ យុវជន២នាក់ ជិះម៉ូតូធំមួយគ្រឿង ទៅបុកនឹងម៉ូតូរបស់សមត្ថកិច្ច ត្រង់ចំណុចគោលដៅប្រចាំការ ស្តុប២៤ម៉ោង លើផ្លូវហាណូយ កែងផ្លូវសម្ដេចជាស៊ីម ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ម៉ូតូជនបង្កម៉ាក Duck-KTM 200 ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1FF-1792 ឌុបគ្នា ទិសដៅ ពីកើតមកលិច បានមកបុកចំម៉ូតូម៉ាក FTR ពណ៌ខៀវ ពាក់ស្លាកលេខ នគរបាល 1.7595 របស់សមត្ថកិច្ចពីក្រោយពេញទំហឹង ប៉ើងខ្ទាតទាំងម៉ូតូទាំងមនុស្សបោកនឹងថ្នល់ទាំងបីនាក់ និងប៉ះម៉ូតូធំមួយគ្រឿងទៀត ម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 1-9116 របស់សមត្ថកិច្ច ដែលចតទុកចោលលើចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលខូចខាតបន្តិចបន្តួចផងដែរ ។
យុវជនទាំង២នាក់នោះរងរបួសធ្ងន់ ដេកស្ដូកស្ដឹងក្នុងភក់ សន្លប់បាត់បង់ស្មារតី យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ
ក្រោយពេលកើតហេតុអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះមកវាស់វែង និងយកម៉ូតូទាំង៣គ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរង់ចាំ ធ្វើការដោះស្រាយគ្នា តាមផ្លូវច្បាប់៕
មតិយោបល់