បាត់ដំបងៈ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ កងកម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការប្រគល់ទោចក្រយានយន្តចំនួន ០៥គ្រឿង ជូនដល់ជនរងគ្រោះជាម្ចាស់វិញ បន្ទាប់ពីបានធ្វើការសហការណ៍ជាមួយសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្រាវជ្រាវនាពេលកន្លងមក ក្រោយពេលដែលជនសង័្សយចំនួន០២នាក់ ប្តី ប្រពន្ធ បានធ្វើ សកម្មភាព(ឆបោក)ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង។
ដំណើររឿង៖ ជនសង័្សយពីរនាក់ប្តីប្រពន្ធបានធ្វើសកម្មភាព(ឆបោក)យកម៉ូតូប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋានស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ជាច្រើនករណី ដោយប្រើល្បិចធ្វើហាក់ដូចជាមនុស្សស្គាល់គ្នា បន្ទាប់មកបានសុំខ្ចីម៉ូតូថា ទៅទិញនំចំណីឲ្យកូន ប្រពន្ធជាអ្នកជិះម៉ូតូ រីឯប្តី និងកូនតូចនៅរង់ចាំ ប៉ុន្តែក្នុងពេលដែលម្ចាស់ទ្រព្យបាត់ការប្រុងប្រយ័ត្នប្តី និងកូនតូចក៏គេចខ្លួនបាត់តែម្តង ធ្វើសកម្មភាពរួចពួកគេបាននាំយកម៉ូតូទាំង នោះទៅលក់នៅឯខេត្តតាកែវ ។ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ក្នុងពេលដែលជនសង័្សយធ្វើសកម្មភាពដូចរាល់លើកនៅមូលដ្ឋានស្រុកភ្នំព្រឹកក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកធ្វើការឃាត់ ខ្លួន បានរួមទាំងម៉ូតូរបស់ជនរងគ្រោះផងនិងបាន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងរួចហើយ ។
ជនសង័្សយឈ្មោះ ឃួន ប៊ុនរិត ភេទប្រុស អាយុ ៤៨ឆ្នាំ និងឈ្មោះ ង៉ែត ស្រីទូច ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅឯខេត្តតាកែវ ។
ចំពោះបញ្ហានេះក្នុងនាមស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋានមេត្តាពិនិត្យពិចារណាឲ្យ បានគ្រប់ជ្រុងជ្រោយមុនពេលដែលសម្រេចចិត្តប្រគល់នូវទ្រព្យ សម្ភារៈអ្វីមួយឲ្យអ្នកដទៃខ្ចី ព្រោះជនសង័្សយមានល្បិចកលច្រើនណាស់ ដើម្បីយកឲ្យបាននូវទ្រព្យសម្បត្តិ ឬសម្ភារៈរបស់យើង ហើយជាមួយនេះសូមរួសរាន់រាយការ ណ៍ភ្លាមដល់សម្ថកិច្ចនគរបាលមូលដ្ឋាន ដែលនៅជិតបំផុតដើម្បីធ្វើការស្រាវជ្រាវ ឬមានវិធាន ការចាប់ឃាត់ភ្លាមៗក្នុងបទល្មើសជាក់ស្តែងណាមួយ៕
មតិយោបល់