ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យជាមន្ត្រីយោធា ស្រវឹងស្រាជិះម៉ូតូជ្រុលទៅបុកខឿនរូបសំណាក់ស្លាប់មួយរំពេច

កណ្តាលៈ បុរសម្នាក់សង្ស័យជាមន្ត្រីយោធា ជិះម៉ូតូក្នុងស្ថានភាពស្រវឹងចេញពីផ្ទះប្អូន ក្នុងគោលបំណងត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ខណៈកំពុងជិះបាត់បង់ម្ចាស់ការ បណ្តាលឲ្យជ្រុលទៅបុកខឿនរូបសំណាក់ បោកខ្លួនស្លាប់ភ្លាមៗមួយរំពេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង ១២និង១៥នាទីរំលងអធ្រាត ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលំចូលវត្តខ្សុំ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ជួង សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅក្នុង ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាកស៊ុហ្ស៊ូគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-34 93 ។

ដំណើររឿង៖ នៅមុនពេលកើតហេតុជនរងគ្រោះបាននៅអង្គុយផឹកស្រានៅផ្ទះប្អូនដែលស្ថិតនៅខាងវត្តខ្សុំ បន្ទាប់ពីផឹកអស់រយៈពេលជាច្រើនម៉ោង មានសភាពស្រវឹងជោកជាំជនរងគ្រោះ ក៏បានទាញម៉ូតូជិះចេញពីកន្លែងផឹកក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈជិះដល់ចំណុចកែងផ្លូវចូលវត្តក៏ជ្រុលទៅបុកខឿនផ្លូវ បណ្តាលឲ្យបោកខ្លួនស្លាប់ភ្លាមៗមួយរំពេចតែម្តង ។

បច្ចុប្បន្នម៉ូតូ និងសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់