ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបការជួញដូរគ្រឿងញៀន ២ករណី ដកហូតវត្ថុតាងប្រមាណ ២គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ និងវៀតណាម ២នាក់

ភ្នំពេញ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀន ០២ករណីផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ដកហូតវត្ថុតាងគ្រឿងញៀន០២កញ្ចប់ថង់ធំស្មើនឹងទម្ងន់ប្រមាណ ០២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជនជាតិខ្មែរ និងជនជាតិវៀតណាម០២នាក់ នៅក្នុងខណ្ឌទួលគោក និងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដែលមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចំនួន ០២រូបលោក ឡុង ជាប និងលោក សឿ ឡងឌី។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅក្នុងកិច្ចប្រជុំនានានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលតែងតែដាក់ចេញនូវវិធានការណ៍ជំរុញកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែក និងគ្រប់ជំនាញសហការគ្នា ដើម្បីបង្រ្កាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពទាំងការ ប្រើប្រាស់ លក់ចែកចាយនិងជួញដូរគ្រឿងញៀនសំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមស្នងការក៏ធ្លាប់បានប្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្រ្តីនគរបាលក្រោមឱវាទបើរកឃើញជាប់ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងថា ការបង្ក្រាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនទាំង០២នាក់ ដឹកនាំកម្លាំងចុះស្រាជ្រាវស៊ើបអង្កេតផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោយពីកម្លាំងជំនាញបានកំណត់មុខសញ្ញាជនសង្ស័យ និងឈានទៅដល់ការបង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀនទាំង ០២នាក់ជាបន្តបន្ទាប់។ លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនមុនដំបូងវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យ០១នាក់មានឈ្មោះ ញឹម គឹមលៀង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ នៅចំណុចខាងមុខសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ផ្លូវ២៥៧ សង្កាត់ទឹកល្អក់០១ ខណ្ឌទួលគោក ខណ:ជនសង្ស័យធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនផាសអាប់។ឆែកឆេរត្រួតពិនិត្យនិងរកឃើញដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០១កញ្ចប់ថង់ធំស្មើនឹងទម្ងន់១០០០.៧៤ក្រាមនិងមធ្យោបាយដឹកជញ្ជូនផាសអាប់០១គ្រឿង។

លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថានៅថ្ងៃដដែលកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក៏បានបន្តស្រាវជ្រាវស៊ើបអង្កេតបង្រ្កាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន០១នាក់ទៀតជាជនជាតិវៀតណាមមានឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ៥៧ឆ្នាំ ប្រកបមុខរបររត់ផាសអាប់ នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ត្រួតពិនិត្យរកឃើញដកហូតវត្ថុតាងគ្រឿងញៀន មេតំហ្វេតាមីនទឹកកក ០១កញ្ចប់ថង់ធំស្មើនឹងទម្ងន់៩២៩.៨៤ក្រាម និងមធ្យោបាយដឹកជញ្ជូនផាសអាប់០១គ្រឿង។
បច្ចុប្បជនសង្ស័យគ្រឿងញៀន និងវត្ថុតាគ្រឿងញៀនកម្លាំងការិយាល័យជំនាញ កំពុងយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់