ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យរបួសមនុស្ស ៣នាក់ នៅស្រុកអង្គរបូរី

តាកែវ: នៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវខេត្ត1TK1 ចន្លោះគីឡូម៉ែត្រលេខ ១៧និង ១៨ស្ថិត ក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ មានទិសដៅបញ្រ្ចាសគ្នាពីជើងទៅត្បូង។

ម៉ូតូម៉ាក ហុងដា គុបជ្រុង C70 ពណ៌ទឹកបិច គ្មានស្លាកលេខ មានទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ កឹម មុល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ មិនពាក់មួកសុវត្ថិភាព របួសក្បាល ត្រូវបានសាច់ញ្ញាតិ បញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។ មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ម៉ាកហុងដា ឌ្រីម C125 ស៊េរី២០១៤ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FL-9253 មានទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះហៀក សារឿន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ពាក់មួកសុវត្ថិភាព របួសបាក់កដៃខាងឆ្វេង ត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។

ចំណែកអ្នករួមដំណើរម្នាក់ ឈ្មោះ ស៊ន សារុំ ភេទស្រីអាយុ ៣១ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិអូរ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មិនពាក់មួកសុវត្ថិភាព របួសស្រាល កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុអង្គរបូរី។

ក្រោយកើតហេតុ វត្ថុតាងទាំងពីរ កម្លាំងជំនាញ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕

មតិយោបល់