កំពតៈ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួនមន្ដ្រីនគរបាលពាក់ស័ក្ដិ ២ម្នាក់ និងបក្ខពួក ៩នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណីហិង្សាទៅលើបុរសម្នាក់ ដែលជាកម្មករចាក់សាំងឡាន នៅស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ភូមិក្រាំង សង្កាត់ក្រាំងអំបិល ក្រុងកំពត ខេត្តកំពត។
ជនសង្ស័យទី១ឈ្មោះ សួន តុសិតពិទូរ្យ អាយុ៣០ឆ្នាំ មុខរបរនគរបាលនាយរងផ្នែក នៃនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់ ស្នាក់នៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី១ ក្រុងតាខ្មៅ ខេត្តកណ្តាល (ជនដៃដល់) ទី២ឈ្មោះ សេង សុភត្រ្តា អាយុ២០ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិទួលរកា សង្កាត់ចក្រអង្រែ ខណ្ឌមានជ័យ ទី៣ឈ្មោះ កាន់ សេងហ៊ុយ អាយុ២០ឆ្នាំ មានទីលំនៅព្រែកតាគង់ សង្កាត់ចង្រអង្រែលើ ខណ្ឌមានជ័យ ទី៤ឈ្មោះ គឹម ចិន អាយុ២២ឆ្នាំ មុខរបរជាងឡាន មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទី៥ឈ្មោះ ថៃ បញ្ញា អាយុ២២ឆ្នាំ មុខរបរជាងឡាន នៅរាជធានីភ្នំពេញ ទី៦ឈ្មោះ សុទ្ធ ចំរើន អាយុ២៨ឆ្នាំ ទី៧ឈ្មោះ ឃីម ស្រីតូច ភេទស្រី អាយុ២៦ឆ្នាំ នៅខេត្តកំពង់ចាម ទី៨ឈ្មោះ ហេង ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ នៅរាជធានីភ្នំពេញ ទី៩ឈ្មោះ រ័ត្ន ដាលីន ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិដីឡូ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងទី១០ឈ្មោះ ហេង សុភើន ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិស្វាយឫស្សី ឃុំដូនកែវ ស្រុកតាកែវ ខេត្តតាកែវ។
ចំណែកជនរងគ្រោះ ឈ្មោះ ម៉ុន រ៉ាម៉ន អាយុ១៨ឆ្នាំ រងរបួសពកថ្ងាស ខាងឆ្វេង និងបែកក្បាល ផ្នែកខាងក្រោយមួយកន្លែង។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យ បើករថយន្ដ២គ្រឿង ចូលមកចាក់សាំងនៅស្ថានីយ៍ប្រេងខាងលើ ដោយមន្ដ្រីនគរបាលនោះ ប្រាប់អ្នកចាក់សាំងឲ្យចាក់ចំនួន៥០ដុល្លារ តែចាក់បានត្រឹមតែ ៤៤ដុល្លារប៉ុណ្ណោះ ដោយឡានមន្ដ្រីនគរបាលខាងលើ ពេញមិនអាចចាក់ទៀតបាន។
ភ្លាមនោះ ក្រុមជនបង្ក បានឲ្យអ្នកចាក់សាំងយកប៊ីដុង មកចាក់បន្ថែមឲ្យគ្រប់ ចំនួន៥០ដុល្លារ តែដោយសារខាងស្ថានីយប្រេងមិនមានប៊ីដុង ដើម្បីចាក់ស្រាប់តែក្រុមជនបង្ក ប្រើហិង្សាទៅលើជនរងគ្រោះ ទាំងកម្រោលតែម្ដង។
ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានឆែកឆេរក្នុងទ្បាន ស្រាប់តែប្រទះឃើញគ្រឿងញៀនចំនួន៨កញ្ចប់ ដែលពួកគេលាក់ទុក នៅតាមខ្លួនផងដែរ។
មកទល់ពេលនេះ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការផ្លូវច្បាប់៕
មតិយោបល់