ព័ត៌មានជាតិ

ការបកស្រាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ករណីហិង្សាវាយលើស្ត្រីម្នាក់ឲ្យធ្លាក់ពីលើម៉ូតូ

ភ្នំពេញ: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វើការបដិសេធ ចំពោះ Facebook Page មួយចំនួនដែលបានចុះផ្សាយថានគរបាលចរាចរណ៍ បានប្រើហិង្សាវាយលើស្ត្រីម្នាក់ឲ្យធ្លាក់ពីលើម៉ូតូ និងសូមធ្វើការបកស្រាយបំភ្លឺដូចខាងក្រោម ៖
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១:៥០នាទី មានករណីនារីម្នាក់ បានបើកបរម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ដោយមិនគោរពភ្លើងស្តុបពណ៌ក្រហម ពេលនោះមន្ត្រីចរាចរណ៍ចំនួន ២រូប ដែលប្រចាំការតាមបណ្តោយមហាវិថីព្រះនរោត្តម ត្រង់ចំណុចធនាគារ Booyong បានចេញមកធ្វើការឃាត់ឲ្យឈប់ ប៉ុន្តែដោយគាត់បើកលឿនពេកក៏ប៉ះកញ្ចក់ម៉ូតូជាមួយនិងដៃប៉ូលិស បណ្តាលឲ្យដួល ប៉ុន្តែមិនមានការរងរបួសធ្ងន់ធ្ងរទេ សមត្ថកិច្ចទាំងពីរក៏បានជួយលើកនារីរងគ្រោះភ្លាមៗ ប៉ុន្តែនារីជនរងគ្រោះបានធ្វើការសុំទោសមកលើសមត្ថកិច្ច ហើយសុំធ្វើដំណើរបន្តទៅមុខទៀតដោយគាត់មានការប្រញាប់ ។

ទោះបីជាយ៉ាងនេះក្តីក៏ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ហៅមន្ត្រីទាំង ២រូបនោះ មកធ្វើការសាកសួរ និងចាត់វិធានការរូបភាពដាក់វិន័យរបស់កងកម្លាំង ដោយឲ្យមកបម្រើការងារនៅក្នុងការិយាល័យមួយរយះ

ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកបានគ្រប់ៗគ្នា ជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ ព្រោះនៅពេលដែលមន្ត្រីចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តែងតែមានអ្នកបើកបរជាច្រើនមិនគោរពច្បាប់ ភ្លើងសញ្ញាចរាចរណ៍ ជាពិសេសគឺមិនគោរពសមត្ថកិច្ច៕

មតិយោបល់