ព័ត៌មានជាតិ

Update៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់ផ្ទះនិងទូដែករបស់ពលរដ្ឋយកលុយអស់ជិត៣ម៉ឺនដុល្លារ

សៀមរាបៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អធិការរងទទួលការងារព្រហ្មទណ្ឌក្រុងសៀមរាបគឺលោកវរសេនីយ៍ទោនួនស័ក្តិចំរើនរិទ្ធបានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះករណីចោរលួចគាស់ផ្ទះនិងទូដែកយកលុយអស់ជិតបីម៉ឺនដុល្លារ។កម្លាំងនគរបាលក្រុងបានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់យកទៅសួរនាំ។

លោកបន្តថាជនរងគ្រោះមានឈ្មោះ ឪវន ភេទប្រុស អាយុ៦៧ឆ្នាំ​មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ដែលរងគ្រោះដោយជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទី កន្លងទៅនៅចំណុចក្នុងក្រុមទី៣ភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប បណ្តាលឲ្យបាត់បង់លុយនិងទ្រព្យសម្បត្តិគិតជាទឹកប្រាក់សរុបជិត៣ម៉ឺនដុល្លារ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះនិងដោយមានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ទោទិត្យណារ៉ុងស្នងការនគរបាលខេត្តសៀមរាបនិងក្រោមកិច្ចសហការណ៍ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីត្រីភឹងចិន្តារ៉េតនិងលោកវរសេនីយ៍ឯកណុបសារ៉ាក់អធិការនគរបាលក្រុងសៀមរាបព្រមទាំងដោយមានការសម្របសម្រួលពីលោកកើតវណ្ណរ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាបបានបើកការស្រាវជ្រាវនៅបរិវេណកន្លែងកើតហេតុនឹងបានកំណត់មុខសញ្ញាជនសង្ស័យ។លោកបន្តថាលុះដល់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង១៧និង០០នាទីខណៈដែលកម្លាំងនគរបាលក្រុងសៀមរាបកំពុងល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញរថយន្តមួយគ្រឿងម៉ាកហាយឡិនដ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1AS-7428ដូចនឹងភិនភាគរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាពខាងលើហើយក៏បានតាមឃ្លាំមើលរហូតដល់ពេលព្រលប់រថយន្តនេះបានបើកចូលទៅឈប់នៅខាងមុខសណ្ឋាគារតាន់កងក្នុងភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាប។

បន្ទាប់មកកម្លាំងនគរបាលក្រុងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ឯកណុបសារ៉ាក់អធិការនគរបាលក្រុងសៀមរាបដោយមានការឯកភាពពីលោកស្នងការបានធ្វើការឃាត់ខ្លួននិងនាំជនសង្ស័យដែលជិះក្នុងរថយន្តនេះមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

លោកបន្ថែមថាជនសង្ស័យរូបនេះឈ្មោះតែលផាន់នីហៅនីភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិថ្មគោល២សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពប្រព្រឹត្តអំពើដូចខាងលើប្រាកដមែនចំណែកឯទ្រព្យសម្បត្តិនិងលុយដែលលួចបានជនសង្ស័យរូបនេះបានយកទៅលក់ដើរចាយអស់ហើយ។លោកបន្ថែមថាវត្ថុតាងដកហូតបានរថយន្តមួយគ្រឿងម៉ាកហាយឡិនដ័រព៌ណទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1AS-7428។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលព្រហ្មទណ្ឌសៀមរាបរៀបចំកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ៕

 

មតិយោបល់