ព័ត៌មានជាតិ

ក្លាហានមែន! បុគ្គលិកការ៉ាស់រថយន្តយីហោ «ប្រិមប្រីយយី» ម្នាក់ ហ៊ានលួចទ្បានរបស់ម្ចាស់

សៀមរាបៈ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ មានករណីបាត់រថយន្តមួយគ្រឿង ត្រង់ចំណុចការ៉ាស់រថយន្តយីហោ ប្រិមប្រីយ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀបរាប ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ អ៊ុក សីលា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត នៅក្នុងការ៉ាស់ខាងលើ មានទីលំនៅភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ប្រិម ប្រីយ៍ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាម្ចាស់ការ៉ាស់ផ្ទាល់ ស្ថិតភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។

ដំណើររឿង៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៣០នាទី ជនសង្ស័យ បានលួចយករថយន្តមួយគ្រឿងពីក្នុងការ៉ាស់ខាងលើ មានម៉ាក សាំយ៉ុង ប្រភេទ ១២កៅអី ពណ៌ស ស៊េរីឆ្នាំ1998 ពាក់ស្លាកលេខ សៀមរាប 2A-7545 លេខតួ KPDAB7E81WP068673 លេខម៉ាស៊ីន 66291110067795 ហើយជិះគេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះ ក៏មកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ តាមរករថយន្តរបស់ខ្លួន។

មកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ធ្វើការឃាត់រថយន្តខាងលើ ដោយឈ្មោះ ម៉ាន់ សារិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ ជាអ្នកបើកបរ ក្រោយមកសមត្ថកិច្ចបាននាំឈ្មោះ ម៉ាន់ សារិទ្ធ មកធ្វើការសាកសួរ ព្រមទាំងឆ្លើយបំភ្លឺថា រថយន្តមួយគ្រឿងខាងលើ រូបគាត់ទិញពីឃ្លាំងលក់រថយន្តមួយ ដែលមិនចាំយីហោនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្នុងតម្លៃ៩៥០០ដុល្លារ បន្ទាប់មកក៏យកប្រើប្រាស់សម្រាប់ដឹកភ្ញៀវទេសចរណ៍ ក្នុងខេត្តកំពង់ចាម រហូតទល់ពេលសមត្ថកិច្ចឃាត់មកសាកសួរ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគលរថយន្តជូនដល់ជនរងគ្រោះវិញ និងកសាងសំណុំរឿងតាមចាប់ជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់