មណ្ឌលគិរីៈ សមត្ថកិច្ច បានចុះបង្ក្រាបរថយន្តក្រុងចំនួន ២គ្រឿង លួចដឹកជញ្ជូនឈើ គ្មានច្បាប់អនុញ្ញាត ពីខេត្តមណ្ឌលគិរី ឆ្ពោះទៅរាជធានីភ្នំពេញ វេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ លើបណ្តោយផ្លូវជាតិលេខ ៧៦ តំបន់ដែនជម្រកសត្វព្រៃកែវសីមា ស្រុកកែវសីមា។
តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រុងរបស់ក្រុមហ៊ុន វិរៈប៊ុនថាំ និងរថយន្ត ១គ្រឿង ទៀតរបស់ក្រុមហ៊ុន ស៊ីណាបូពា៍ ត្រូវបានធ្វើការឃាត់ទុក ក្រោយរកឃើញសុទ្ធតែឈើកែច្នៃ ព្រមទាំងឈើខុសច្បាប់។
ប្រភពដដែលបន្ដថា រថយន្តក្រុមហ៊ុន ស៊ីណាបូពា៍ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 3C-9534 ដឹកទ្វារ និងគ្រោងទ្វារមួយចំនួន។ ចំណែករថយន្តក្រុង វិរៈប៊ុនថាំ លេខសម្គាល់ (៨៣) ពាក់ស្លាកលេខ 3D-8215 ដឹកទ្វារ និងគ្រោងទ្វារពុំទាន់រាប់ដឹងចំនួនដូចគ្នា។
ក្រោយរកឃើញ សមត្ថកិច្ចបានបញ្ជូនរថយន្តទាំងពីរ ទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់