ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារ

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកភ្នំក្រវាញ ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ មកលើជនរងគ្រោះឈ្មោះ ផេង ស្រីលីន អាយុ៣៥ឆ្នាំ រស់នៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

តាមការរៀបរាប់របស់ម្តាយបង្កើត នៃជនរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ រឿន រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវជាកូនប្រសារ បានមកពីដឹកក្បឿងឱ្យថៅកែឈ្មោះ ភាព រួចក៏ចូលទៅផ្ទះហូបបាយ បន្ទាប់មកក៏បានស្រែកហៅជនរងគ្រោះ ជាប្រពន្ធ ដែលកំពុងដេកនៅផ្ទះរបស់គាត់ជាម្តាយបង្កើត ដែលនៅជិតគ្នា ពេលនោះប្ដីជនរងគ្រោះ ក៏បានដើរទៅមុខផ្ទះគាត់ ពេលប្រពន្ធបានចេញមក ប្តីនាងបានទះកំផ្លៀងប្រពន្ធដួលផ្កាប់មុខទៅលើដី ។ ហើយឈ្មោះ រឿន រិទ្ធ បានដើរត្រឡប់ចូលទៅក្នុងផ្ទះវិញ ទៅរាយខ្សែភ្លើងឆក់នៅខាងក្នុងផ្ទះមិនឱ្យប្រពន្ធកូនចូលផ្ទះឡើយ ហើយយកកាំភ្លើងកែច្នៃបាញ់ទៅលើចំនួន៣គ្រាប់ ។

ស្រ្តីជាម្តាយជនរងគ្រោះបានបន្តទៀតថា ជនសង្ស័យឈ្មោះ រឿន រិទ្ធ ធ្លាប់ដេញកាប់ឪពុកម្ដាយរត់ចោលផ្ទះ ជូនកាលសម្លុតគំរាមឪពុកម្ដាយ រហូតដល់គាត់គាំងបេះដូងទៀតផង ធ្វើឱ្យឪពុកម្ដាយ ប្រពន្ធ និងកូន តែងភ័យខ្លាចនូវទង្វើ របស់ជនខាងលើនេះ ។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យខាងលើ តែងតែប្រើអំពើហិង្សា ដោយខុសច្បាប់ទៅលើប្រពន្ធ និងក្រុមគ្រួសារ ជាញឹកញាប់ ។ ករណីនេះ សមត្ថកិច្ចនគរបាលជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕

មតិយោបល់