ព័ត៌មានជាតិ

ចោរវ័យក្មេង សង្ស័យខែភ្ជុំបិណ្ឌខ្វះលុយចាយ ធ្វើសកម្មភាពលួចម៉ូតូ នៅខារ៉ាអូខេ យីហោ សុខារិទ្ធ ជាប់ខ្នោះសមត្ថកិច្ច

តាកែវ: កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោង២២ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ ត្រង់ខារ៉ាអូខេ យីហោ សុខារិទ្ធ ក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ ប៊ុន សុថេប ភេទប្រុស អាយុ ១៨ឆ្នាំ ស្ថិតភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ជនរងគ្រោះឈ្មោះ ខេង ចន្នី ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់។

ដំណើររឿង៖ កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃដដែល ជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-0175 ភ្លាមនោះជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ច បន្ទាប់មកស្នងការនគរបាល ចេញល្បាតពួនស្ទាក់ គ្រប់ច្រកល្ហកក្នុងភូមិសាស្រ្ត រហូតឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតម៉ូតូរបស់ជនរងគ្រោះ មកវិញនៅចំណុចភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់