ផ្ទះ ព័ត៌មានជាតិ ជនសង្ស័យម្នាក...

ជនសង្ស័យម្នាក់ លួចឡើងលើរបងផ្ទះពលរដ្ឋ ប៉ុនព៉ងលួចទ្រព្យសម្បត្តិគេ តែមិនសម្រេចក៏ត្រូវចាប់ប្រគល់ឲ្យប៉ូលិស

0

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសន្តិសុខយាមកាម នៅក្នុងការដ្ឋានសំណង់មួយកន្លែង ចាប់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីជននោះ បានធ្វើសកម្មភាពលួចឡើងលើរបងផ្ទះប្រជាពលរដ្ឋ បម្រុងលួចទ្រព្យសម្បត្តិ បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ១៧AEo ផ្លូវលេខ៥៤៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យខាងលើមានឈ្មោះ សូ ចាន់តារា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

តាមសម្ដីពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលជាសន្តិសុខយាមកាម នៅក្នុងការដ្ឋានសំណង់មួយកន្លែង នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូល្បាតត្រួតពិនិត្យ មើលជុំវិញការដ្ឋានសំណង់ខាងលើ។

លុះជិះមកដល់ចំណុចផ្ទះកើតហេតុ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពលួចផ្លោះឡើងលើរបងផ្ទះកើតហេតុ តែឡើងមិនទាន់ផុតផង ជនសង្ស័យខាងលើ ក៏បានធ្លាក់ចុះពីលើរបងមកវិញ។ ភ្លាមៗនោះ គាត់ក៏បានដើរទៅសួរនាំ ជនសង្ស័យ បណ្តាលឲ្យជនសង្ស័យ ភ័យស្លន់ស្លោក៏ព្យាយាមងើបរត់គេចខ្លួន ចេញពីកន្លែងកើតហេតុ។

ខណ:ពេលនោះគាត់ ក៏បានជិះម៉ូតូដេញតាមពីក្រោយ រហូតស្ទាក់ចាប់បាននៅត្រង់ចំណុចក្បែរស្ថានីយប្រេងឥន្ទន:តេលា ស្ថិតតាមបណ្ដោយផ្លូវ៥២៨ កែងនិងផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោះស្រាយបន្តតាមនីតិវិធីច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.