ព័ត៌មានជាតិ

Update៖ ប្រពន្ធយំស្ទើរសន្លប់ខូចចិត្តចង់ស្លាប់តាមប្ដី! ករណីខលទូរស័ព្ទណាត់ប្ដីឲ្យមកទទួលនៅភ្នំពេញ ទៅខេត្តធ្វើបុណ្យភ្ជុំជុំគ្រួសារ តែអកុសលត្រូវរថយន្តបុកស្លាប់

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតត្រង់ផ្លូវ ៥០ម៉ែត្រ កែងផ្លូវទំនប់ ៧មករា នៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ពិសិដ្ឋ សាមី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ ១គ្រឿងម៉ាក ហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-6204 បើកបរក្នុងទិសដៅពីកើតទៅលិច ធ្វើការបត់ឆ្វេងឆ្លងផ្លូវ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-4350 បើកបញ្រ្ចាស់ទិសគ្នាមកបុកចំពីមុខ បណ្តាលឲ្យដួលបោកស្លាប់តែម្តង។

ក្រោយកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ច យកមកទុកនៅអធិការដ្ឋាននគរបាលដើម្បីដោះស្រាយតាមច្បាប់ និងធ្វើការប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ យោងតាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានប្រាប់ Post News ឲ្យដឹងថា ខ្លួនបានណាត់ប្ដីឲ្យមកយកនៅភ្នំពេញ ដើម្បីទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ តែអកុសលពេលកំពុងធ្វើដំណើរតាមផ្លូវត្រូវរថយន្តបុកស្លាប់ភ្លាមៗ ដោយបន្សល់ទុកកូន២នាក់ និងស្រ្តីមេម៉ាយម្នាក់៕

មតិយោបល់