ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តស៊េរីទំនើប កៀររថយន្តបាលែនព្យាយាមបើករត់

ភ្នំពេញៈ បុរសជាជនជាតិចិនចំនួន២នាក់ ស្រវឹងធ្លាក់ភ្នែក បានបើករថយន្តស៊េរីទំនើប១គ្រឿង បោះពួយយ៉ាងលឿន ក៏ជ្រុលទៅកៀររថយន្ដ បាលែន ដែលឈប់ចតនៅលើចិញ្ចើមផ្លូវ ត្រង់ចំណុចស្តុបអូឬស្សី ស្ថិតតាមបណ្ដោយផ្លូវ១៨២ កែងនិងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ភ្លាមៗនោះជនជាតិចិន មិនឈប់ទទួលខុសត្រូវនោះទេ បែរជាព្យាយាមបើករថយន្ តស៊េរីទំនើប រត់គេចខ្លួនបន្តទៅមុខ តែក៏ត្រូវរថយន្តបាលែន បើកដេញតាម និងស្ទាក់ចាប់បាន នៅត្រង់ចំណុចក្បែរស្តុបពេទ្យចិន ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៩។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសជាជនជាតិចិនចំនួនពីរនាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកMASERATI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0555 ធ្វើដំណើរពីជើងទៅត្បូងតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនយ៉ាងលឿន។

មកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានរេចង្កូតទៅខាងស្តាំ ជ្រុលទៅកៀររថយន្តមួយគ្រឿង ម៉ាកកាមរីបាលែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-4796 បើកបរដោយបុរសម្នាក់ កំពុងឈប់ចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យកញ្ចក់មើលក្រោយចំហៀងខាងឆ្វេង ដាច់ធ្លាក់រងការខូចខាត ចំណែកឯរថយន្តបង្ករបស់ជនជាតិចិន បានរងការខូចខាតបន្តិចបន្តួច។

ភ្លាមៗនោះរថយន្តបង្ក ក៏ព្យាយាមបើកបន្តដំណើរ ទៅមុខរត់គេចចេញពីកន្លែង កើតហេតុ តែក៏ត្រូវបានម្ចាស់រថយន្តបាលែន បើកដេញតាមពីក្រោយរហូត ទៅដល់ក្បែរនិងស្តុបពេទ្យចិន ទើបអាចធ្វើការស្ទាក់ចាប់បាន។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំងពីរធ្វើការដោះស្រាយ សម្របសម្រួលគ្នា ដោយមានដំណាង ភាគីខាងរថយន្តបង្ក បានចូលខ្លួនមកធ្វើការដោះស្រាយ ព្រមចេញសំណងចំនួន៣០០ ដុល្លារឲ្យទៅភាគីខាងរថយន្តបាលែន ដើម្បីបញ្ចប់រឿង៕

មតិយោបល់