បន្ទាយមានជ័យៈ កាលពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បុរសម្នាក់បានស្លាប់ភ្លាមៗពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រោយពីជនដៃដល់ម្នាក់ចាក់ឲ្យរបួសធ្ងន់រឿងដណ្តើមភ្ញៀវគ្នា នៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ជនរងគ្រោះឈ្មោះ ឈុន អៀង ហៅស អាយុ ៥១ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំត្រឡប់ ខេត្តត្បូងឃ្មុំ ស្នាក់នៅ សង្កាត់/ក្រុងប៉ោយប៉ែត
ត្រូវជនដៃដល់ចាក់នឹងកាំបិតចិតបន្លែចំទ្រូងក្រោមដោះខាងឆ្វេង ១កាំបិត បណ្តាលឲ្យរបួសធ្ងន់ និងស្លាប់ពេលគេបញ្ជូនទៅមន្ទីរពេទ្យ។
ដំណើររឿង៖ មុនពេលកើតហេតុ បណ្តាលមកពីចាប់ដណ្តើមភ្ញៀវគ្នា ព្រោះជនសង្ស័យជាអ្នកចាប់ម៉ូយឲ្យក្រុមហ៊ុនវរៈប៊ុនថាំ ដឹកអ្នកដំណើរនៅទឹកដីថៃហើយជនរងគ្រោះ ជាអ្នកចាប់ម៉ូយឡានឲ្យគេលើដីថៃដូចគ្នា។ ត្រង់រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពិសេសចាប់ពីចំណុចក្បែរប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន ទៅដល់ចំណុចបែបបទចេញដំណើរ Departurepass បច្ចុប្បន្នសំបូរទៅដោយក្រុមអ្នកចាប់ដណ្តើមភ្ញៀវ សរសេរឯកសារ ដើម្បីយកទៅឲ្យក្រុមហ៊ុនដឹកអ្នកដំណើរលើដីថៃ។
សូមបញ្ជាក់៖ ក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់