ភ្នំពេញៈ កាលពីវេលាម៉ោង ១និង ៤០នាទីយប់រំលង អធ្រាត្រឆ្លងចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចមុខក្រុមហ៊ុនលក់រថយន្ត Merceodes តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះ ឈ្មោះ ជឹម រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាល នៅនាយកដ្ឋាននគរបាលការពារ ប្រចាំការនៅស្ថានទូតឥណ្ឌា ស្នាក់នៅភូមិ អន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-5883 ធ្វើដំណើរពីត្បូងមកជើង តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ។ មកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវមកខាងឆ្វេង បំណងចតរថយន្តក្នុងដីឡូត៍ តែគាប់ជួនក៏ត្រូវម៉ូតូជនរងគ្រោះម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1H-7710 ដែលកំពុងបើកបរទិសដៅពីជើងមកត្បូង ជ្រុលបុកតែម្ដង បណ្ដាលឲ្យអ្នកបើកស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកតៃកុង បន្ទាប់ពីកើតហេតុ រត់គេចខ្លួនបាត់។
មូលហេតុ៖ រថយន្តបត់ខ្វះការប្រុងប្រយ័ត្ន និងម៉ូតូប្រើប្រាស់ល្បឿនលឿន ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយទ្បែកសព បានប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់