ព័ត៌មានជាតិ

បើកបរម៉ូតូរេចង្កូតប្ដូរគន្លងផ្លូវ ជ្រុលទៅបុករថយន្តបើកបញ្ជ្រាសទិសគ្នា បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ

ព្រៃវែងៈ យោងតាមផេករបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១និង១៥នាទីយប់ លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ ៧២-៧៣ ត្រង់ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ មានករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូ និងរថយន្តបើបញ្ច្រាស់ទិសគ្នា ។

ដោយមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1J 2146 បើកបរដោយឈ្មោះ នង ណេង ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ( មិនមានពាក់មួកសុវត្ថិភាព ) ធ្វើដំណើរពីកើតមកលិច ។ លុះដល់ចំនុចកើតហេតុ ម៉ូតូបានប្តូរគន្លងផ្លូវមកឆ្វេងបានជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿង ម៉ាកវ៉េអង ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A 6159 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត ( បញ្ច្រាសគ្នា ) បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ ។ បន្ទាប់មករថយន្តម៉ាកវ៉េអង បានជ្រុលចង្កូតបន្តហួសទៅបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង 2A 0960 បើកបរដោយឈ្មោះ បន ផល្លា ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិបាយ៉ាប ឃុំសៀងឃ្វៀង ស្រុកកំចាយមារ ដែលកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ( ពីក្រោយម៉ូតូ ) បណ្តាលឲ្យ រថយន្តទាំង ២គ្រឿងរងការខូចខាត ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តម៉ាកវ៉េអង បានរត់គេចខ្លួនបាត់ ។ ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាង ម៉ូតូ និងរថយន្ត២គ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់