ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! ជនសង្ស័យ ២នាក់ អូសរទេះរើសអេតចាយ បន្លំលួចទ្រព្យសម្បត្តិពលរដ្ឋ ត្រូវអាវុធហត្ថឃាត់ខ្លួនបាន

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។

ជនសង្ស័យទី១ឈ្មោះ សេង ចិន្តា ហៅហ៊ា ភេទប្រុស អាយុ ២៦ឆ្នាំ និង២ឈ្មោះ អ៊ុក រតនៈវិចិត្រ ហៅណាក់ ភេទប្រុស អាយុ២២ឆ្នាំ។

ជនសង្ស័យទាំង ០២នាក់ នេះត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង២០នាទី នៅចំណុចភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយពួកគេទាំង ០២នាក់ ជាអ្នកអូសរទេះរើសអេតចាយ ព្រមទាំងបន្លំលួចសម្ភារៈមានតម្លៃរបស់ប្រជាពលរដ្ឋផងដែរ។

មុនពេលឃាត់ខ្លួន ពួកគេកំពុងអូសរទេះរើសអេតចាយ ស្រាប់តែ ឃើញផ្ទះមួយកន្លែង ចាក់សោគ្មានម្ចាស់នៅ ពួកគេបានយកញញួរ ទៅវាយសោផ្តាច់ ដើម្បីចូលលួចទ្រព្យសម្បត្តិ ក្នុងពេលនោះ ឮសំទ្បេងដល់ប្រជាពលរដ្ឋ ដែលនៅក្បែរចេញមកមើលពួកគេ ក៏បានបន្លំធ្វើជាអូសរទេះ រើសអេតចាយបន្តទៀត បន្ទាប់មកពួកគេ បានឃើញបន្ទប់ជួលប្រហែល៥បន្ទប់ គ្មានម្ចាស់នៅ ក៏បានធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ចូល លួចបានម៉ូតូ ០១គ្រឿងម៉ាក ស្គូពី ពណ៌ស ស្លាកលេខ ភ្នំពេញ 1CZ-1310 និងធុងបាស ០១គ្រឿងទៀត។

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សេង ចិន្តា ហៅហ៊ា បានសារភាពបន្ថែមទៀតថា កន្លងមករូបគេធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល ១ឆ្នាំកន្លះ និងជាប់មណ្ឌលកែប្រែឳកាសខ្ញុំរយៈពេល៥ខែ រីឯឈ្មោះ អ៊ុក រតនៈវិចិត្រ ហៅណាក់ ក៏ធ្លាប់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធ ករណីគ្រឿងញៀន និងជាប់មណ្ឌលកែប្រែឳកាស ខ្ញុំរយៈពេល៥ខែមកហើយដែរ៕

មតិយោបល់