ព័ត៌មានជាតិ

ចិនគ្រោងសាងសង់ទីស្នាក់ការកណ្ដាលថ្មីរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញៈ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ នៅអគ្គស្នងការ ដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នង ការនគរបាលជាតិ បានអនុញ្ញាតឲ្យ លោក Li Zhu Qun អនុប្រធាននាយក ដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណរដ្ឋប្រជា មានិតចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ខណៈ ដែលរូបលោក មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

យោងតាមសារព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ដោយផ្អែកតាមការលើកឡើងរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយលោកបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងក្រសួង សន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ដែលកន្លងមកតែងតែជួយ ឧបត្ថម្ភគាំទ្រ ទាំងឧបករណ៍ សម្ភារៈ ថវិកា និងជួយក្នុងការបណ្ដុះបណ្ដាល ដល់មន្ត្រីនគរបាលជាតិកម្ពុជា។ ជាពិសេសនៅពេលខាងមុខក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន នឹងជួយសាងសង់អគារទីស្នាក់ការកណ្ដាលថ្មីរបស់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។ ឆ្លៀតក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ដែលបាននាំ យកអ្នកជំនាញមកពិនិត្យសិក្សាលើគម្រោងប្លង់របស់អគារទីស្នាក់ថ្មី។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ដោយមានកិច្ចសហប្រតិបត្តិការគ្នាល្អរវាង នគរបាលកម្ពុជា និងនគរបាលចិន កន្លងមកនគរបាលទាំងពីរបានរួមគ្នាបង្រ្កាបទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (VOIP) និងបទល្មើស ឧក្រិដ្ឋឆ្លងដែន បានជោគជ័យជាច្រើនករណី។

ជាមួយគ្នានោះដែរ លោក Li Zhu Qun អនុប្រធាននាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន បានប្រសាសន៍កោតសរសើរដល់នគរបាលកម្ពុជាក្នុងការរួមសហការគ្នាបង្ក្រាបបទល្មើស ជាពិសេសនាពេលថ្មីៗកន្លងមកនេះ នគរបាលកម្ពុជា បានបង្ក្រាប និងបញ្ជូនជនជាតិចិន ៣៩នាក់ លើករណីបទល្មើសតាម ប្រព័ន្ធបច្ចេកវិទ្យា (VOIP) បានដោយជោគជ័យ។

លោក Li Zhu Qun ស្នើឲ្យ នគរបាលកម្ពុជា និងនគរបាលចិន បន្តកិច្ចសហ ប្រតិបត្តិការល្អជាមួយគ្នាបន្តទៀត ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា៕

មតិយោបល់