ព័ត៌មានជាតិ

ឈ្មួញនាំគ្រឿងចក្រឈូសឆាយដីព្រៃអត់ច្បាប់ ខណៈមេព្រៃនិង អភិបាលស្រុកមិនខ្ចីអើពើ

កំពង់ធំៈ លោក ថា ត្រូវបានគេស្គាល់ថា ជាឈ្មួញដីទាំងវាល ក្រោម និងវាយលើ ផ្ទៃដីរាប់រយហិចតា ត្រូវបានរលាយ ដោយស្នារដៃលោក ថា ម្នាក់នេះ ដែលមានប្រពន្ធឈ្មោះយូរី ដែលត្រូវបានគេដឹងថា ប្តីប្រពន្ឋមួយគូនេះធ្វើសកម្មភាពឈូសឆាយដីព្រៃ ដោយមិនចាំបាច់សុំច្បាប់ ដោយត្រូវបានគេសង្ស័យថា មានខ្នងបង្អែកនៅពីក្រោយ ចំណែកអាជ្ញាធរមូលដ្ឋាន កើតជំងឺស្ពឹកដៃជើង ជាប់ត្រគៀក មិនអាចមានលទ្ធភាពទប់ ស្កាត់ឬបង្រ្កាបបានទេ ជាហេតុធ្វើឲ្យឈ្មួញមានរិទ្ធឈូសឆាយដីព្រៃ ដោយមិនចាំបាច់រំខានដល់សមត្ថកិច្ច។

ជាក់ស្តែងលោក ថា រស់នៅភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាឈ្មួញបានយកគ្រឿងធ្វើសកម្មភាពឈូសឆាយដីយ៉ាងអាណាធិបតេយ្យនៅក្រោយភូមិនីពិច ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ! ដោយពុំមានច្បាប់អនុញ្ញាតិ សំអាងលើបក្សពួកនិយម និងជាការត្រូវដងត្រូវផ្លែគ្នា ជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ និងនាយផ្នែករដ្ឋបាលព្រៃឈើស្ទោង ដែលទើបតែមក កាន់តំណែងថ្មី ក្នុងសភាពអសកម្ម ដោយមិនទាន់ហ៊ានព្រលែងពិស បណ្តែតបណ្តោយឲ្យមានសកម្មភាព ឈូសឆាយដីព្រៃដោយមិនខ្ចីអើពើ ដោយឈ្មួញយកគ្រឿងចក្រអេស្កាវូទ័រ មកឈូសឆាយនៅរសៀលថ្ងៃទី២២ខែកក្តដាឆ្នាំ២០១៦យ៉ាងគគ្រឹកគគ្រេង លើផ្ទៃដីជិត១០ហិចតានៅចំនុចដីព្រៃបំរុងភូមិនីពេជ្រ ឃុំត្បែងស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

ប្រភពពីម្ចាស់គ្រឿងចក្រឈូសឆាយដីព្រៃឈ្មោះចែយូរី បាននិយាយថាគាត់បានទិញដីព្រៃនេះពីប្រជាពលរដ្ឋតាំងពីយូរ គ្រាន់តែអត់ច្បាប់ឈូសឆាយប៉ុណ្ណោះដោយសារដីនៅជិតភូមិប្រមាណជិត២០ហិចតា ដែលជាដីបូសត្រពាំងរបស់អ្នកភូមិ។

លោកអ៊ុនបុត្រ អភិបាលស្រុកកំពង់ស្វាយបានប្រាប់ថា ដីនៅតំបន់នោះមិនទាន់អនុញ្ញាតិឲ្យឈូសឆាយឡើយ!តែថ្ងៃស្អែកនេះលោកនឹងឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានឃុំ ចុះទៅពិនិត្យជាក់ស្តែង ដើម្បីចាត់ការតាម្បាប់។

ពាក់ព័ន្ធ ជាមួយការចោទប្រកាន់នេះ លោកតឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំមិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទមិនអាចខលចូលនៅរសៀលថ្ងៃទី២២កក្តដានេះ តែទោះបីជាយ៉ាងណាក៏ដោយ មហាជន កំពុងតែរងចាំមើលចំណាត់ការរបស់លោក អ៊ុនបុត អភិបាល ស្រុកទើបតែចូលកាន់តំណែងថ្មី៕

មតិយោបល់