ព័ត៌មានជាតិ

Update៖ រថយន្តក្រុមហ៊ុន Camel បើកបុកម៉ូតូទាំងព្រឹក បណ្ដាលរបួសមនុស្ស ៣នាក់ តៃកុងដាក់មេប្រូចបាត់

ភ្នំពេញៈ នៅវេលាម៉ោង ០៨ និង១០នាទីព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចមុខច្រកចូលរោងចក្រស្រាបៀរកម្ពុជា លើផ្លូវ២១៧ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត បុកនិងម៉ូតូ បណ្តាលឲ្យធ្ងន់ស្រាលមនុស្ស ៣នាក់ (ប្រុសម្នាក់) ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។

រថយន្តបង្កម៉ាក ហ៊ីណូ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 5A-2821 របស់ក្រុមហ៊ុន Camel (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណទេ គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ) ធ្វើដំណើរពីត្បូងទៅជើង។ មកដល់ចំណុចកើតហេតុ បុកចំពីក្រោយម៉ូតូមួយគ្រឿង ម៉ាក ហុងដា ស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-5411 បើកបរដោយឈ្មោះ វី ឆវ័ន្ត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ ធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យដួលបោកតែម្តង (រងរបួសស្រាល) ។

ដោយទ្បែកអ្នករួមដំណើរម៉ូតូឈ្មោះ គឹម ពេជ្រដាលី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅជាមួយគ្នា (របួសធ្ងន់) និងក្មេងស្រីឈ្មោះ វី គីមមួយ ភេទស្រី អាយុ៣ខែ ស្នាក់នៅជាមួយគ្នា (របួសធ្ងន់)

ករណីនេះ រថយន្តខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់។ មូលហេតុ៖ មកពីភាគីរថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងទៅកាន់ការិយា ល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមនិតីវិធី៕

មតិយោបល់