(កំពង់ធំ)៖ ការិយាល័យច្រកចេញតែមួយ គឺជាទម្រង់រដ្ឋបាលថ្មីមួយ ដែលរាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ ពេលវេលា ប៉ុន្តែផ្ទុយទៅវិញ មន្ត្រីនៅការិយាល័យច្រកចេញចូលតែមួយ នៅសាលាក្រុងស្ទឹង សែនខេត្តកំពង់ធំ បានរងការរិះគន់ ពីប្រជាពលរដ្ឋថា បានកេងម៉ោងធ្វើការ របស់រដ្ឋ បង្កឲ្យមានកកស្ទះ និង យឺតយ៉ាវក្នុងសេវាបម្រើប្រជាពលរដ្ឋ ដែលនាំប្រជាពលរដ្ឋខាតបង់ផលប្រយោជន៍ និងពេលវេលា។
មតិរិះគន់ពីប្រជាពលរដ្ឋទាំងនោះ បានបន្តថា មន្ត្រីនៅការិយាល័យច្រកចេញចូលតែមួយ នៅសាលាក្រុងស្ទឹងសែននេះ គឺជារៀងរាល់ថ្ងៃនៅម៉ោងប្រមាណ៩ព្រឹក ទើបមានមន្ត្រីមកធ្វើការ ជាបណ្ដើរៗ តម្រូវឲ្យប្រជាពលរដ្ឋ ដែលមានកិច្ចការប្រញាប់ នៅរង់ចាំទាំងអន្ទះអន្ទែងក្នុងចិត្ត។
មតិប្រជាពលរដ្ឋទាំងនោះ បានលើកឡើងទៀតថា បច្ចុប្បន្ននៅការិយាល័យច្រកចេញចូលតែ មួយនេះ ទំនងជាកើនការមមាញឹកច្រើន ជាពិសេសទាក់ទងនឹងផ្នែកយានយន្ត ព្រោះថា រាជរដ្ឋា ភិបាលបាន និងកំពុងតែរឹតបន្តឹងច្បាប់ចរាចរណ៍ ហេតុនេះ ប្រជាពលរដ្ឋត្រូវបំពេញកាតព្វកិច្ច ខាង ផ្លូវច្បាប់ហើយការបំពេញកាតព្វកិច្ចខាងផ្លូវច្បាប់នោះ មន្ទីរជំនាញតម្រូវឯកសារខ្លះ ត្រូវមានការចុះ ហត្ថលេខាបញ្ជាក់ពីសាលាក្រុង ដូចជាការចុះហត្ថលេខាបញ្ជាក់ នៅលើហ្វូតូ អត្តសញ្ញាណប័ណ្ណ និង ប័ណ្ណបើកបរ ជាដើម។ល។
កាលពីពេលថ្មីៗនេះ អ្នកសារព័ត៌ Post News បានទៅដល់ការិយាល័យច្រកចេញចូលតែមួយ នៅសាលាក្រុងស្ទឹងសែន នៅម៉ោងប្រមាណ៧ព្រឹក រហូតជិតដល់ម៉ោង៩ទៅហើយ នៅក្នុង ការិយាល័យច្រកចេញចូលតែមួយនេះ នៅស្ងាត់ជ្រងំ មិនទាន់មានមន្ត្រីណាម្នាក់ មកដល់ឡើយ រួមទាំង លោកអភិបាលរង ដែលប្រចាំការនៅការិយាល័យនេះម្នាក់ទៀតផង។
ជាមួយគ្នានេះ បុរសម្នាក់ (សុំមិនឲ្យបញ្ចេញឈ្មោះ) ដែលកំពុងអង្គុយ នៅលើកៅអីរង់ចាំ ក៏ដូចជាប្រជាពលរដ្ឋជាច្រើននាក់ទៀត ដែលកំពុងដើរចេញចូលៗទាំងអារម្មណ៍ទន្ទឹងរង់ចាំនោះ បានប្រាប់អ្នកយកព័ត៌មានថា គាត់មកចាំនៅទីនេះតាំងម៉ោងជាង៧ ឥឡូវម៉ោងជិត៩ព្រឹកទៅហើយ នៅមិនទាន់ឃើញមានមន្ត្រីណាម្នាក់មកដល់ទេ ហើយគាត់ទៅសួរគេនៅខាងក្រៅ គេប្រាប់ថា ទាល់ម៉ោង៩ទើបគេមកដល់។ ជាមួយគ្នានេះ មន្ត្រីការិយាល័យច្រកចេញចូលតែមួយនេះ ម្នាក់បានមកដល់ នៅម៉ោងជាង៩បន្តិច មិនបានឆ្លើយតបនឹងការមកយឺតយ៉ាវនោះទេ គ្រាន់តែនិយាយថា ទោះជាឯកសារខ្ញុំធ្វើរួច ក៏គ្មានអ្នកចុះហត្ថលេខាដែរ ព្រោះលោកអភិបាលរងមិនទាន់អញ្ជើញមកដល់។
ចំណែក លោក ខ្លូត វណ្ណរ៉ា អភិបាលរងក្រុងស្ទឹងសែន ដែលនៅប្រចាំការនៅការិយាល័យ ច្រកចេញចូលតែមួយនេះ មិនបានត្រូវអ្នកសារព័ត៌មានស្វែងសុំការបំភ្លឺមិនបានឡើយ ខណៈដែលលោក ហុក រិន អភិបាលក្រុងស្ទឹងសែន បានត្រូវគេនិយាយថា លោកកំពុងមានជម្ងឺ ពោះ វៀនដុះខ្នែង ទើបនឹងវះកាត់ហើយថ្មីៗ៕
មតិយោបល់