សៀមរាបៈ នៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ច បានទទួលដំណឹងថា មានរថយន្ត និងម៉ូតូសេ125 ២គ្រឿងចតចោល អ្នកបើកបររត់គេចខ្លួន សង្ស័យជាករណីគ្រោះ ថ្នាក់ចរាចរណ៍ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហមទឹកដី ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
រថយន្តខាងលើ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AY-8195 មានស្នាមខូចផ្នែកខាងមុខ និងបែកកញ្ចក់ខាងមុខ ចំណែកម៉ូតូមួយគ្រឿងទៀត C125 ឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប1AA-7091។
ករណីនេះ សមត្ថកិច្ច បានឃាត់ជនសង្ស័យចំនួន ២នាក់ នៅចំណុចវត្តប្រាសាទ ភូមិជ្រលង ឃុំខ្នាត ចម្ងាយពីកន្លែងចតរថយន្ត ២៧៦៧ម៉ែត្រ៖
១-ឈ្មោះ លន់ ឡៃហេង អាយុ ២៧ ឆ្នាំ ភេទប្រុស មុខរបរជាងឡាន ទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប
២-ឈ្មោះ ហួត រស្មី ភេទប្រុស អាយុ ៣៧ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅតាមវត្ត និងតាមចិញ្ចឹមផ្លូវ។
ក្រោយការស្រាវជ្រាវ ដោយសហការជាមួយអធិការរដ្ឋាននគរបាល ក្រុងសៀមរាប និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ករណីខាងលើ គឺជនសង្ស័យ បានលួចរថយន្ដពីចំណុចស្ពានវត្តដំណាក់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចខាងលិចស្នាក់ការគយប្រចាំខេត្តសៀមរាប ក្នុងសង្កាត់ទឹកវិលក្រុងសៀមរាប
បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។
ម្ចាស់រថយន្តឈ្មោះ យូ ស្រ៊ុន ភេទប្រុស អាយុ ២៥ ឆ្នាំ នៅក្រុងភ្នំពេញ ចំណែកជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សែង វេត ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ និងវត្ថុតាង ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាល ក្រុងសៀមរាប ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធីបន្ត៕
មតិយោបល់