ព័ត៌មានជាតិ

គ្រោះថ្នាក់ណាស់ សូមបងប្អូនប្រុងប្រយ័ត្ន! ទុកកំប៉ុងហ្គាសក្នុងទូរកញ្ចក់ លើសង្គ្រានកម្ដៅនំបុ័ង បណ្ដាលឲ្យផ្ទុះមានមនុស្សរងរបួស

ភ្នំពេញៈ បុរសជាអ្នករុញរទេះលក់នំប៉័ងសាច់ម្នាក់ បានរងរបួសរយះដៃ បន្ទាប់ពីផ្ទុះកំប៉ុងហ្គាសតូចមួយ ដែលដាក់ក្នុងទូរកញ្ចក់លើចង្ក្រានកម្ដៅនំប៉័ង លាន់ដូចគ្រាប់បែកទាំងព្រឹកព្រលឹម ផ្អើលសមត្ថកិច្ច ចុះមកមើល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខក្រុមហ៊ុនកាពីតូល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ កែងផ្លូវលេខ ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករាមករា ។

ជនរងគ្រោះឈ្មោះ ប៊ិច ភេទប្រុសអាយុ ៣៨ឆ្នាំ ស្នាក់នៅសង្កាត់អូឬស្សី២ ខណ្ឌ៧មករា។

តាមអ្នករត់ម៉ូតូឌុប ដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសខាងលើ បានរុញរទេះលក់នំប៉័ង តាមបណ្ដោយផ្លូវលេខ១៨២ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានឈប់រទេះ នៅខាងមុខក្រុមហ៊ុនកាពីតូល ដើម្បីលក់នំប៉័ងដូចសពដង កំពុងឈរលក់ស្រាប់តែផ្ទុះកំប៉ុង ហ្គាសតូច ដែលដាក់ក្នុងទូរកញ្ចក់ លើចង្ក្រានកម្តៅនំប៉័ង លាន់ដូចគ្រាប់បែក បណ្ដាលឲ្យបែកកញ្ចក់ខ្ទាតពេញផ្លូវ និងអ្នកលក់នំប៉័ងរយះដៃ តែសំណាងល្អ មិនបង្កឲ្យរងរបួសដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ចំណុចកើតហេតុនោះទេ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ និង ត្រួតពិនិត្យទីតាំងកើតហេតុ ដោយមិនបង្កឲ្យមានប្រជាពលរដ្ឋរងរបួសនោះ ក៏បានឲ្យប្រមូលកញ្ចក់ដែលបែកចេញ និង ឲ្យជនរងគ្រោះរុញរទេះចេញទៅ៕

មតិយោបល់