ព័ត៌មានជាតិ

ព្រលឹងហោះទៅស៊ីចុងព្រលឹត! ហាងកាហ្វេ យីហោ «កាហ្វេច្រាំងបាក់» ត្រូវបាក់ស្រុតចូលទន្លេ ស្ទើរតែ១០០ភាគរយ

ភ្នំពេញៈ ហាងកាហ្វេជាប់មាត់ទន្លេមេគង្គក្រោម យីហោ «កាហ្វេច្រាំងបាក់ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ត្រូវបាក់ស្ទើរតែលិចចូលទៅ ក្នុងបាតទន្លេ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមការរៀបរាប់ពីម្ចាស់ហាង បានឲ្យដឹងថា៖ មុនពេលកើតហេតុ មានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់បោកបក់ជាប់ៗគ្នាជាច្រើនថ្ងៃ នាំឲ្យរលកទឹកទន្លេរឹតតែបោកបក់ផ្ទប់ច្រាំងកាន់តែខ្លាំង ជាហេតុធ្វើឲ្យសសរហាងសង់ជាប់នឹងទន្លេត្រូវរង្គើរ ហើយសសរខ្លះត្រូវប្រេះ បណ្ដាលឲ្យគាត់ និងក្រុមគ្រួសារសម្រេចចិត្តផ្អាកការលក់ នាំគ្នាប្រមូលអីវ៉ាន់ចេញ ជៀសវាងការបាក់រលំ បង្កគ្រាះថ្នាក់ដល់មនុស្ស។

លុះដល់វេលាកើតហេតុ បន្ទាប់ពីមានភ្លៀងលាយខ្យល់មួយមេធំរួចមក ហាងកាហ្វេដ៏ល្បីមួយនេះ ត្រូវបាក់ស្រុតចូលទៅក្នុងផ្ទៃទន្លេសឹងតែ១០០ភាគរយ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ប៉ុន្តែមិនបានបង្ករបួស ឬប៉ះពាល់ដល់អាយុជីវិតឡើយ។ ខណៈនោះដែរលំនៅដ្ឋាន របស់ជនរងគ្រោះដែលជាប់ និងហាងកាហ្វេក៏ប្រឈម នឹងការបាក់ស្រុតចូលទន្លេផងដែរ ព្រោះសណ្ឋានដីមានលក្ខណៈទន់ជ្រាយ។

គួបញ្ជាក់ផងដែរថា៖ កន្លងមកក៏ធ្លាប់កើតមានបាតុភាពដូចខាងលើដែរ ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ គ្រាន់តែបាក់ប្រេះបន្តិចបន្តួច ហើយជួសជុលវិញជាការស្រេច៕

មតិយោបល់