ភ្នំពេញៈ បុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តក្រឡុកស៊ីម៉ង់ ក្រុមហ៊ុនចិនស៊ីងសេងលាយបេតុង បោះពួយយ៉ាងលឿន ជ្រុលទៅបុកសួនច្បារចែកផ្លូវ ហើយបន្តហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ ១ដើម តែសំណាងល្អ មិនមានអ្នករបួស។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចភោជនីដ្ឋានការដូ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមប្រភពពីប្រជាពរដ្ឋម្នាក់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានឃើញរថយន្តក្រឡុកស៊ីម៉ង់ក្រុមហ៊ុនចិនស៊ីងសេងលាយបេតុង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A 2113 បើកដោយបុរសម្នាក់ ក្នុងសន្ថានភាពស្រវឹង ធ្វើដំណើរពីត្បូងទៅជើង ជាមួយល្បឿនយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង ហើយបន្តហោះទៅបុកបង្គោលភ្លើងបាក់១ដើម (ទំហំនៃការខូចខាតសួនច្បារប្រហែល៣០ម៉ែត្រ)។
ក្រោយហេតុម្ចាស់រថយន្ត បានបើកទ្វារថយន្តគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ មួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញវាស់វែង យករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់