ព័ត៌មានជាតិ

ប្លន់ទាំងព្រឹកហ្មង! លោក ហង្ស មុនី អធិការកំបូល ទើបកាន់តំណែងថ្មីផង មិនទាន់មានស្នាដៃ ចាប់ជនសង្ស័យបាននៅទ្បើយ…

ភ្នំពេញៈ ស្ត្រីកម្មការនីរោងចក្រម្នាក់ កំពុងជិះធ្វើដំណើរទៅធ្វើការ ស្រាប់តែត្រូវជនសង្ស័យមួយក្រុម មានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង មកដល់ស្ទាក់ចាប់ច្រានផ្តួល ហើយប្លន់យកម៉ូតូទៅបាត់ ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំ កាត់វាលស្រែចំណុចដំរីកប់កូន ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល ។

ជនរងគ្រោះឈ្មោះ ធឹម ស្រីនិច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិសន្លូង សង្កាត់កំបូល ក្បែរកន្លែងកើតហេតុ ។ ចំណែកម៉ូតូ ដែលក្រុមចោរប្លន់ យកទៅបាត់ ត្រូវបានជនរងគ្រោះអះអាងថា ម៉ាកហុងដា សេ១២៥ ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3242 ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជិះម៉ូតូចេញពីផ្ទះ ឆ្ពោះទៅធ្វើការងារ តាមផ្លូវលំខាងលើ ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ ស្ទាក់ចាប់ឲ្យឈប់ ទាញច្រានផ្តួល ហើយប្លន់យកម៉ូតូទៅបាត់ ដោយមិនរំខានដល់សមត្ថកិច្ចឡើយ ។

តាមប្រជាពលរដ្ឋ បានលើកឡើងថា ចំណុចខាងលើ ញយដងទៅហើយ ដែលជនសង្ស័យធ្វើសកម្មភាពប្លន់ ទ្រព្យសម្បត្តិ ដោយភូមិសាស្ត្រខាងលើ ស្ងាត់ នៅពេលពលរដ្ឋឆ្លងកាត់។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានត្រឹមអង្គុយយំសោកស្តាយ របស់ទ្រព្យខ្លួន បន្ទាប់មកគរបាលចុះទៅពិនិត្យ សាកសួរ ជាក់ស្តែង រួចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំបូល ដើម្បីបន្តស្រាវជ្រាវ តាមចាប់ក្រុមចោរប្លន់ សកម្មខាងលើនេះ។

សូមបញ្ជាក់៖ ករណីខាងលើនេះ នៅរាជធានីភ្នំពេញ ហាក់បីដូចជាមិនថមថយ បទល្មើសលួចឆក់ប្លន់ទាល់តែសោះ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង។ ជាក់ស្ដែងដូចជាករណីខាងលើស្រាប់ ជនសង្ស័យធ្វើសកម្មប្លន់ទាំងព្រឹក គ្មានខ្លាចញញើតសមត្ថកិច្ចសោះ។

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌកំបូល ក៏ចង់ឃើញលោក ហង្ស មុនី អធិការទើបទ្បើង កាន់តំណែងថ្មី តើមានសមត្ថភាព អាចបង្ក្រាបជនល្មើសនៅក្នុងមូលដ្ឋាន របស់គាត់បានទេ ដោយពួកគាត់ទន្ទឹងចាំមើលចំណាត់ការរបស់រូបលោក សូមមេត្តាជួយជំរុញមន្ត្រីក្រោមឱវាទ ចុះល្បាតជាប្រចាំ កុំធ្វើឲ្យតែល្អមើល ដើម្បីយកស្នាដៃបង្អួតថ្នាក់លើនោះ៕

មតិយោបល់