ព័ត៌មានជាតិ

លោក អាត់ ខែម ៖ ចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា និងមិនដឹកសំពីងសំពោង

បន្ទាយមានជ័យៈ ដើម្បីសុវត្ថិភាពចរាចរលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុន អាជីវករ អ្នករត់តាក់ស៊ីដឹកមនុស្ស ឬដឹកទំនិញ ក្នុងខេត្តចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា និងមិនដឹកសំពីងសំពោង ។

ការលើកឡើងដូច្នេះ បន្ទាប់ពីនគរបាលចរាចរជើងគោក នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ការត្រួតពិនិត្យតាមផ្លូវនៃគោលដៅនានាឃើញថា មានរថយន្តធ្វើអាជីវកម្មមិនថា ដឹកមនុស្ស ឬដឹកទំនិញ សុទ្ធតែបំពានទៅនិងច្បាប់ចរាចរណ៍ដូចជា រថយន្តដឹកដីមិនគ្រប ធ្វើឲ្យដីហុយចេញពីឡាន និងជ្រុះរាយប៉ាយ រថយន្តដឹកអ្នកដំណើរធន់តូចបានដឹកឥវ៉ាន់ ពីលើរថយន្តផ្នែកខាងក្រោយ រថយន្តដឹកទំនិញដឹកសំពីងសំពោង ចំណែកម៉ូតូ និងរថយន្តខ្លះទៀតបានបំពាក់ស៊ីម៉ាំងឲ្យមានសំឡេងឮខ្លាំង។ ដូច្នេះបានជាលោកស្នងការសំណូមពរដល់ម្ចាស់ក្រុមហ៊ុន ឬអាជីវករ ត្រូវអនុវត្តន៍ទៅតាមច្បាប់ចរាចរ ជៀសវាងបង្កការគ្រោះថ្នាក់ដល់អ្នកដទៃ។

នេះមិនមែនជាលើកទី១ទេ សម្រាប់ការអំពាវនាវសំណូមពរដល់ប្រជាពលរដ្ឋ ឲ្យគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយការអនុវត្តច្បាប់ចរាចររបស់ប៉ូលិស ទៅលើការឃាត់អប់រំនិងផាកពិន័យ ក៏ច្រើនដងផងដែរ តែបញ្ហា ខាងលើនៅតែបន្តមាន។

សូមបញ្ជាក់ថា សម្រាប់ខេត្តបន្ទាយមានជ័យ ចាប់តាំងពីដើមខែកក្កដា ការអនុវត្តច្បាប់ ក្នុងការទប់ស្កាត់បទល្មើស ត្រូវបានធ្វើឡើងទាងយប់ទាំងថ្ងៃ ដោយពេលថ្ងៃអនុវត្តច្បាប់ចរាចរ ចំណែកពេលយប់ធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រប់ស្រុក-ក្រុង ។

មកដល់ពេលនេះ ទាំងម៉ូតូ និងរថយន្តដែលល្មើសច្បាប់ចរាចរ ដូចជាកែច្នៃស៊ីផ្លេ បំពុងស៊ីម៉ាំង ដឹកសំពីងសំពោង និងគ្មានឧបករណ៍គ្រប់គ្រាន់ ត្រូវបានឃាត់ត្រួតពិនិត្យ ផាកពិន័យ ឲ្យស្របទៅតាមច្បាប់វិញបានប្រមាណជា៣០០គ្រឿង៕

មតិយោបល់