ព័ត៌មានជាតិ

ខឹងគ្មានអ្នកយល់ចិត្ត កើតក្ដីក្ដៅក្រហាយ ទាញធុងទឹកកក វាយបងខ្លួនរហូតបាក់ដៃ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង១០នាទីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើប្រាស់អំពើហិង្សាដោយចេតនា នៅចំណុចមុខសាលារៀនមត្តេយ្យអន្លង់គងថ្មី ផ្លូវបេតុង ស្ថិតភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ញៀន សារីម ហៅជីម ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ជនរងគ្រោះឈ្មោះ ញៀន ភារៈ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មកររោងចក្រ។ អ្នកទាំង២ រស់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖ ធុង ទឹកកក ( តូច ) ពណ៌ សលាយ ក្រហមចំនួន ១ ។

ដំណើររឿង៖ មុនពេលកើតហេតុ វេលាម៉ោង ១៩និង៤៥នាទីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យងើបឡើងមិនឃើញមានអ្នក នៅផ្ទះ បានដើររកឃើញបងប្រុសខ្លួន នៅអង្គុយលេងកន្លែងលក់ដូរ ក៏សុំលុយពីបង៥០០ រៀល ដើម្បីទិញអីហូប តែបែរជាត្រូវបងជេរស្តីថា «ហ្ហែង មានដៃជើងដែរ ម៉េចមកសុំលុយពីអញ រាល់ថ្ងៃអ៊ីចឹង មិនទៅរកការងារធ្វើ?» សម្តីនេះធ្វើឲ្យជនសង្ស័យកើតក្តីក្តៅក្រហាយ គ្មានអ្នកយល់ចិត្តក៏ទាញធុង ទឹកកកតូច វាយទៅលើបងប្រុស បណ្តាលឲ្យបាក់ដៃតែម្តង បន្ទាប់ពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាន ឲ្យចុះអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីកសារសំណុំរឿងចាត់ការតាមច្បាប់។

បញ្ជាក់៖ ជនសង្ស័យជាមនុស្សប្រើប្រាស់សារធាតុញៀន ហើយធ្លាប់ជាប់គុក ២ដងមកហើយ៕

មតិយោបល់