តាកែវៈ កាលពីថ្ងៃ០៦ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទី ត្រង់ចំណុចលើផ្លូវជាតិលេខ១៣២មុខវត្តពោធិ៍ដុះ ស្ថិតភូមិ ត្រពាំងក្រសាំង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីលួចមានស្ថានទម្ងន់ (ឆក់ទូរស័ព្ទ) បង្កឡើងដោយជនសង្ស័យចំនួន០២នាក់។
ទី១ឈ្មោះ យ៉ាត់ វាសនា ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិ ត្រពាំងកោះ ឃុំ ត្រពាំងធំខាងត្បូង ស្រុក ត្រាំកក់ខេត្ត តាកែវ (ជាអ្នកបើកម៉ូតូ) និងទី២ឈ្មោះ សូត្រ ពិសិដ្ឋ ភេទប្រុស អាយុ ១៩ ឆ្នាំរស់នៅភូមិ ត្រពាំងសោម ឃុំ ត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ (ជាអ្នកឆក់ទូរស័ព្ទ) បានជិះម៉ូតូ០១ គ្រឿងម៉ាកសង C125 ស៊េរី ២០១៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU 0954 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក សាំមស៊ុង (Samsung)០១ គ្រឿងជារបស់ជនរងគ្រោះ ឈ្មោះ អឿន សុខា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិ ស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលកំពុងជិះម៉ូតូពីកើត ទៅលិច ហើយជិះគេចខ្លួនបាត់។
ក្រោយទទួលដំណឹងភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានសហការជាមួយប៉ុស្ថិ៍ ត្រពាំងធំខាងត្បូង បានកំណត់មុខសញ្ញា និងចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រ រហូតឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ខាងលើ នៅចំណុចភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ និងដកហូតវត្ថុតាង ពាក់ព័ន្ធមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំ តាមនីតិវិធី៕
មតិយោបល់