ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ម៉ូតូក្របួចជាប់ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីឡើងជិះម៉ូតូបម្រុងគេចខ្លួន ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅម្ដុំផ្សារឯករាជ្យ២ ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ផ្លក់ ចយ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។
តាមប្រភពព័ត៌មាន ពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរដោយម៉ូតូមួយគ្រឿង ម៉ាកខ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-9747 បានមកដល់ចំណុចកើតហេតុ ដោយមិនបានដកសោចេញនោះទេ រួចឈរដូរលុយនៅក្បែរនោះ បន្ទាប់មកក៏លេចមុខជនសង្ស័យ មកឡើងបញ្ឆេះម៉ូតូបម្រុងជិះចេញ តែម្ចាស់ឃើញម្ចាស់ទាន់ ក្របួចជាប់រួចប្រគល់ជូនសមត្ថកិច្ចតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ កសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់