ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ!​ ហាយឡែនឌ័រ បើកឆ្លងផ្លូវ ទៅបុករថយន្តព្រូស បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បានបើករថយន្តឆ្លងផ្លូវ បំបែកជាបួន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុល ទៅបុករថយន្តព្រូសមួយគ្រឿងពេញទំហឹង កាលពីវេលាម៉ោង១០យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរសាលាសង្កាត់ទឹកល្អក់ទី១ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៥៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ដំណើរឿង៖ នៅមុនពេលកើតហេតុគេឃើញ បុរសពីរបើកបររថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BA-1844 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវ២៥៩ បានបន្តិច ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-6880 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ២៥៩ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន បំណងឆ្លងផ្លូវនៅចំណុចកើតហេតុ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករថយន្តព្រូសចំពីមុខចំហៀងខាងឆ្វេង ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ចំណែកឯរថយន្តហាយឡែនឌ័រ បានរងការខូចខាតក្រពឹតកាងក្រពឹតចំហៀងខាងស្តាំ ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើត សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តហាយឡែនឌ័រ មិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមយករថយន្តព្រូសជួសជុលទ្បើងវិញ ដើម្បីបញ្ចប់រឿង៕

មតិយោបល់