ព័ត៌មានជាតិ

អាសូរទ្រូងម្ដាយស្ទើរប្រេះ បាត់កូនស្រី២ខែ ស្រាប់ទទួលដំណឹងថាលង់ទឹកស្លាប់ ទាំងអាក្រាតកាយ សង្ស័យរំលោភសម្លាប់

ភ្នំពេញៈ កាលពីវេលាម៉ោង ១១ និង ១០នាទីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្នុងមន្ទីរពេទ្យ បង្អែកសម្តេចឪ ស្ថិតក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ យុវតីម្នាក់ លង់ស្លាប់ក្នុងទឹកស្រះចិញ្ចឹមត្រី ទាំងរាង្គកាយអាក្រាត បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកធ្វើកោសល្យវិច័យ។

ជនរងគ្រោះឈ្មោះ ពេជ្រ លីហេង ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលំភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ម្តាយឈ្មោះ សួន ផល្លី ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលំភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ។

ចំណែកសង្សារជនរងគ្រោះឈ្មោះ អាពេជ្រ អាយុ២២ឆ្នាំ ស្នាក់នៅកន្លែង និងធ្វើការក្នុងទីតាំងចិញ្ចឹមត្រី ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

តាមប្រភពពីម្តាយជនរងគ្រោះ បានរៀបរាប់ថា កូនស្រីគាត់ បានរត់ចេញពីផ្ទះ រយៈពេល២ខែមកហើយ ដោយទៅរស់នៅ ជាមួយសង្សារ។ ដោយនៅវេលាម៉ោង ប្រហែល៤ ថ្ងៃកើតហេតុ ស្រាប់តែគាត់បានទទួលដំណឹង ពីខាងបងប្អូន នៅឯខេត្តព្រៃវែងថា កូនស្រីគាត់ បានលង់ទឹកស្លាប់ទាំងអាក្រាតកាយ ហើយសព ត្រូវបានដឹកតាមរថយន្តកូរ៉េដឹកត្រី មកដល់មន្ទីរពេទ្យបង្អែកសម្តេចឪ បង្កការភ្ញាក់ផ្អើលទាំងអ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យទាំងយប់។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹក យកទៅតម្កល់ នៅឯវត្តទួលអស់លោក ដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកបុរស ជាសង្សារបានគេចខ្លួនបាត់៕

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់បុរសជាសង្សារ ដោយមូលហេតុយ៉ាងណានោះ មិនទាន់ដឹងនោះទេ៕

មតិយោបល់