កណ្តាលៈ ជនសង្ស័យជាចោរវ័យក្មេងម្នាក់ បានលួចដឹកគោមេដែលផើម ០៧ខែមួយក្បាល របស់អ្នកស្រុក ប៉ុន្តែព្រះមិនជួយត្រូវអ្នកភូមិ មានការសង្ស័យក៏រាយការណ៍ជូនសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង។
ហេតុការណ៍លួចដឹកគោអ្នកស្រុកនេះ បានកើតឡើងស្រុក កៀនស្វាយ ខេត្ត កណ្តាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង០៩និង៣០នាទីព្រឹក នៅចំណុចបឹងធំភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយម្ចាស់គោរងគ្រោះឈ្មោះ ថុង ឡេងសៀង ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យដែលបានឃាត់ខ្លួននោះ ឈ្មោះ កេង ប្រុសពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង០៦និង៣០នាទីជនរងគ្រោះបានដឹកសត្វគោញីចំនួន០៥ក្បាលសម្បុរសចំនួន០៤ក្បាល និងសម្បុរក្រហមចំនួន០១ក្បាលយកទៅចងឲ្យសុីស្មៅនៅបឹងធំភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាលចំងាយពីផ្ទះ២.០០០ម៉ែត្រ(ពីរពាន់ម៉ែត្រ)។ លុះដល់ម៉ោង០៩និង៣០នាទីស្រាប់តែជនល្មើសខាងលើបានទៅលួចយកសត្វគោ០១ក្បាលសម្បុរសស្នែងវែង(បញ្ឈរ)ដែលផើមចំនួន០៧ខែយកទៅលក់នៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ដោយមានការសង្ស័យប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចឃំុដីឥដ្ឋ ពេលនោះសមត្ថកិច្ចឃុំដីឥដ្ឋបានសួរនាំទើបដឹងថា ជាចោរលួចសត្វគោរបស់គេនៅឃំុគគីរ រួចសមត្ថកិច្ចប៉ុស្តិ៍ដីឥដ្ឋបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍គគីរបន្ទាប់សមត្ថកិច្ចប៉ុស្តិ៍គគីរបានចុះទៅដល់កន្លែងកើតហេតុឃាត់ជនល្មើសខាងលើរួមនិងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕
មតិយោបល់