ព័ត៌មានជាតិ

កម្ពុ​ជា​នាំចេញ​អង្ករ​មាន​ការកើនឡើង​

​របាយការណ៍​ស្តីពី​ស្ថានភាព​នាំចេញ​អង្ករ​បានឲ្យដឹងថា មាន​ក្រុមហ៊ុននាំចេញ​អង្ករ​ដែល​កំពុង​ប្រតិ​ប​ត្ដិ​ការ​រកស៊ី​នៅ​កម្ពុជាស​រុប​ចំនួន ៨៤ ក្រុមហ៊ុន ដែល​ក្នុង​ឆមាស​ទី ១ ឆ្នាំ​២០១៤ នេះ​សម្រេចបាន ១៧៧ ៩២៨ តោន កើនឡើង ១% បើ​ធៀប​នឹង​ឆ្នាំ ២០១៣ ក្នុង​រយៈពេល​ដូចគ្នា​មាន​ចំនួន ១៧៥ ៩៥៩ តោន​។​

​ក្រុមហ៊ុននាំចេញ​ទាំងនោះ​បាន​ព្យាករណ៍​ថា នឹង​អាច​នាំ​ចេញ​ឲ្យបាន​ក្នុង​បរិមាណ ៦ សែន​តោន​នៅក្នុង​ឆ្នាំនេះ ដែល​ជា​តួលេខ​មួយ​ខិត​ជិត​ដល់​គោលដៅ​នាំ​ចេញ​អង្ករ​ចំនួន ១​លាន​តោន​ត្រឹម​ឆ្នាំ ២០១៥ ស្របតាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុង​ឆមាស​ទី ១ នេះ ក្រុមហ៊ុននាំចេញ​អង្ករ AMRU RICE(CAMBODIA) CO., LTD ឈរ​នៅ​លំដាប់​លេខ ១ នៃ​ការនាំចេញ​អង្ករ ដោយ​សម្រេចបាន ២៥ ០៩៩ តោន ។ ក្រុម ហ៊ុន​នាំចេញ​អង្ករ KHMER FOOD CO., LTD ឈរ​នៅ​លំដាប់​លេខ​២ មាន​ចំនួន ២៣ ៧៧១​តោន ។ លំដាប់​លេខ ៣ បាន​ទៅ​លើ​ក្រុមហ៊ុន GOLDEN RICE (CAMBODIA) CO., LTD​ដែល​នាំ​ចេញ​បាន​ចំនួន ១២ ៦២៩ តោន ។ អ្នក​ឈរ​លេខ​រៀង​ទី ៤ គឺ​ក្រុមហ៊ុន​LORAN GROUP LPC បាន​ធ្វើ​ការនាំចេញ ១១ ១៩០ តោន​។ ចំណែក​ក្រុមហ៊ុន​ក្រៅពី​នោះ​គឺ​សម្រេច​ការនាំចេញ​បាន​តែ​ត្រឹម​ក្នុង​កម្រិត​ទាប​នៅឡើយ​។​

​ប្រទេស​ដែល​ជា​គោលដៅ​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​ឆមាស​ទី ១ នេះ​មាន ៥៤​ប្រទេស ដូចជា​ប្រទេស​នៅ​សហភាព​អឺរ៉ុប ចិន សមាគម​អាស៊ាន តំបន់​អាស៊ី និង​អា​ហ្រិ្វ​ក ក្នុងនោះ​មាន​តែ​ប្រទេស​ប៉ូឡូញ បារាំង ហូ​ឡង់ និង​ម៉ាឡេស៊ី តែប៉ុណ្ណោះ​ដែល​ធ្វើ​ការនាំចេញ បាន​ច្រើនជាងគេ​។​

​អង្ករ​ដែល​កម្ពុជា​បាន​ធ្វើ​ការនាំចេញ​ក្នុង​រយៈពេល ៦ ខែ​នេះ គឺ​មាន​ប្រភេទ​ជា​អង្ករ​ក្រអូប​ចម្រុះ​ចំនួន​ជាង ១០ ៣៦៩ តោន អង្ករ​ក្រអូប​នាង​ម្លិះ​ជាង ៨ ៧៩០ តោន អង្ករ​ក្រអូប​សូ​មាលី​ចំនួន ២ ៣៣៧ តោន អង្ករ​ក្រអូប​ផ្កា​ម្លិះ​/​ផ្ការំដួល​មាន​ចំនួន ៦៦ ៣៤១ តោន អង្ករ​ក្រអូប​សរីរាង្គ​ចំនួន ១៣៦ តោន អង្ករ​ក្រអូប​ភ្លឺ ៤០៤ តោន អង្ករ​ចម្រុះ​គ្រាប់​វែង ៦៥ ៤៦០ តោន អង្ករ​ស​ប្រណិត​ចំនួន ១២ ៩៨៦ តោន និង​អង្ករ​ចំហុយ​គ្រាប់​វែង​ចំនួន ១១ ១០៤ តោន​។

​លោក គឹម សាវុធ ប្រធាន​សម្ព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុននាំចេញ​អង្ករ​ខ្មែរ​ហ្វ៊ូត​(Khmer Food)​បានឲ្យដឹងថា នា​ពេល​ចុង​ក្រោយ​នេះ​អង្ករ​ក្រអូប​របស់​កម្ពុជា​នៅ លើ​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ ៧៥០ ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តោន ។ ចំណែក​អង្ករ​ចម្រុះ​លក់ បាន​ក្នុងតម្លៃ ៤៤០ ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តោន​។​

​ក្នុង​ឆមាស​ទី ៦ ឆ្នាំ ២០០៩ កម្ពុជា​នាំ​ចេញ​អង្ករ​ចំនួន ៣ ៧៧៩ តោន ឆ្នាំ ២០១០ នាំ​ចេញ​បាន ៥៥ ៧៧៨ តោន ឆ្នាំ ២០១១ នាំ​ចេញ​បាន ៨០ ៨៧៧ តោន ឆ្នាំ ២០១២ នាំ​ចេញ​បាន ៧៨ ០០៧ តោន ឆ្នាំ ២០១៣ នាំ​ចេញ​បាន ១៧៥ ៩៥៩ តោន និង ៦ ខែ​ឆ្នាំ ២០១៤ នេះ​នាំ​ចេញ​បាន ១៧៥ ៩៥៩ តោន​។​

​ដើម្បី​រួមចំណែក​ជំរុញ​ប្រសិទ្ធភាព​ការនាំចេញ​អង្ករ​បន្ថែមទៀត ស្រប​តាម​គោល​ន​យោ បាយ​រាជរដ្ឋាភិបាល​នាំចេញ​អង្ករ​ឲ្យបាន ១ លាន​តោន​នៅ​ឆ្នាំ ២០១៥ នោះ កាលពីដើម​ខែ ឧសភា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សម្រេច​យល់ព្រម​លើកលែង​កាតព្វកិច្ច​បង់​កម្រៃ​បែបបទ​គយ​ចំពោះ​ការនាំ​ចេញ​ទំនិញ​អង្ករ​ផងដែរ ៕​
Cambodia-rice

មតិយោបល់